រោងចក្រផលិតសំបកកង់រថយន្តក្នុងក្រុងបាវិត តម្លៃជាង៥០០ លានដុល្លារ ចាប់ផ្តើមសាងសង់ជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (WANLI Tire) ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង ​ក្រោមទុនវិនិយោគជាង៥០០ លានដុល្លារ បានចាប់ផ្តើមបើកការដ្ឋានជាផ្លូវការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបើកការដ្ឋាននេះ បានធ្វើឡើង នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក WANG WENBIN ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុន និងមន្រ្តីពាក់ព័ន្ធច្រើនរូបទៀត។

គម្រោងនេះ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង មានវិសាលភាពគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣២ហិកតា ជាមួយទំហំទុនវិនិយោគរហូតដល់ប្រមាណ ៥០០ លានដុល្លារអាម៉េរិក សម្រាប់ទាំងដំណាក់កាលទី១ និងទី២ ដែលរំពឹងថានឹងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១ ០០០កន្លែង។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក WANG WENBIN ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចាត់ទុកថា គម្រោងវិនិយោគមួយនេះ គឺជាសមិទ្ធផលថ្មីមួយដ៏មានសារៈសំខាន់ និងមានតម្លៃសម្រាប់តំបន់សេដ្ឋកិច្ចនេះបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជា និងសម្រាប់ខេត្តស្វាយរៀង ជាពិសេសគឺមានសង្គតិភាពទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។

សូមរម្លឹកថា រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ដែលប្រារព្ធពិធីបើកការដ្ឋានសាងសង់នាព្រឹកនេះ ជាការសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា ដែលកើតចេញពីជំនួបពិភាក្សាទ្វេភាគីរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាមួយលោក Jing Guangjun ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគដល់រោងចក្រ វ៉ាន់លី ថាយអឺ នៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ៕ អត្ថបទ៖ ហ្សាលីន