សមាគមសិល្បករខ្មែរ ដឹកនាំដោយជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បរិច្ចាគថវិកា ៥លានរៀល ដល់មូលនិធិគន្ធបុប្ផាកម្ពុជា

ជុំវិញ​ឧកញ៉ា

សមាគមសិល្បករខ្មែរ ដែលដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបរិច្ចាគថវិកាចំនួន ៥ ០០០ ០០០ រៀល ដល់មូលនិធិគន្ធបុប្ផាកម្ពុជា តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវឱ្យបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

លោកជំទាវបណ្ឌិត បានអំពាវនាវដូច្នេះថា «ដើម្បីរួមគ្នាបន្តរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា, ខ្ញុំសូមអំពាវនាវជាថ្មីម្ដងទៀតដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុកម៉ែបងប្អូន និងកូនក្មួយទាំងអស់ មេត្តាបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា»។

គួរបញ្ជាក់ថា ក្នុងរយៈជាច្រើនខែកន្លងមកនេះ សមាគមសិល្បករខ្មែរ បានធ្វើសកម្មភាពសប្បុរសធម៌ និងបានដឹកនាំសិល្បករសិល្បការិនី ចូលរួមការងារសង្គមជាច្រើនដូចជា កម្មវិធីអប់រំផ្សព្វផ្សាយការបង្ការ និងការពារប្រយុទ្ធនឹងជំងឺអេដស៍។ សហការរៀបចំការប្រគំតន្ត្រីជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមយុទ្ធនាការសម្អាតបរិស្ថាន និងចូលរួមអមដំណើរក្នុងចលនាការងាររាជរដ្ឋាភិបាលជាច្រើន។ ជាមួយគ្នានោះ សមាគមក៏បានធ្វើការងារដោយផ្ទាល់ជាច្រើនជាមួយអ្នកសិល្បៈ ដូចជា ការចុះសួរសុខទុក្ខសិល្បករចាស់ជរា សិល្បករមានជំងឺ ការឧបត្ថម្ភដល់សិល្បករ និងការចូលរួមរំលែកទុក្ខជាមួយគ្រួសារសពអ្នកសិល្បៈ។ ពិសេសជាងនោះទៅទៀត សមាគមសិល្បករខ្មែរ បានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនផងដែរ ជាក់ស្តែងដូចជា ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា ជាដើម៕