Tesla ប្រមូលរថយន្តជាង ២សែនគ្រឿងមកជួសជុលវិញ ដោយសារកាមេរ៉ាមើលខាងក្រោយមិនដំណើរការ

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនកំពុងប្រមូលរថយន្តប្រហែល ២៣៩ ០០០ គ្រឿង នៅក្នុងសហរដ្ឋអាមេរិក មកជួសជុលវិញ ដោយសារតែកាមេរ៉ាមើលខាងក្រោយអាចមិនដំណើរការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ជុំវិញបញ្ហាថ្មីនេះ បានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក (NHTSA) បានបើកការស៊ើបអង្កេតទៅលើរថយន្ត Tesla ចំនួន ២,៦ លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក ជុំវិញរបាយការណ៍នៃការគ្រោះថ្នាក់ដែលកើតឡើងពាក់ព័ន្ធនឹងមុខងារដែលអនុញ្ញាតឲ្យអ្នកបើកបរ ផ្លាស់ទីរថយន្តរបស់ពួកគេ ពីចម្ងាយ។

យ៉ាងណាមិញ ជុំវិញការប្រកាសប្រមូលរថយន្តត្រលប់មកវិញសារនេះ ក្រុមហ៊ុន Tesla បាននិយាយថា ចរន្តមួយចំនួនអាចត្រូវកាត់ផ្តាច់ខណៈពេលកំពុង​បញ្ឆេះ​រថយន្ត ដែលជាលទ្ធផលបណ្តាលឲ្យកាមេរ៉ាមើលក្រោយអាចនឹងមិនដំណើរការ។

Tesla បានបញ្ជាក់ឲ្យដឹងទៀតថា បញ្ហានេះបានកើតឡើង ដោយសារតែការកំណត់រចនាសម្ព័ន្ធផ្នែក Software និង Hardware មិន​ប្រក្រតី​របស់រថយន្ត ខណ:សីតុណ្ហភាពចុះត្រជាក់ខ្លាំងក៏អាចជាបញ្ហាចម្បងធំមួយផងដែរ។ បញ្ហានេះ បានធ្វើឲ្យប៉ះពាល់ដល់រថយន្ត Model 3 និង Model S ដែលផលិតនៅចន្លោះឆ្នាំ២០២៣-២០២៤ និង Model X និង Model Y ដែលផលិតនៅចន្លោះឆ្នាំ២០២៣-២០២៥​​។

ជម្រាបជូនផងដែរថា គិតមកទល់ពេលនេះ ក្រុមហ៊ុន Tesla បានប្រមូលរថយន្តសរុបចំនួន ៥,១ លានគ្រឿង ត្រលប់មកជួសជុលវិញ ដោយភាគច្រើនកើតឡើងនៅក្នុងទឹកដីសហរដ្ឋអាមេរិកផ្ទាល់ ប៉ុន្តែបញ្ហាទាំងអស់អាចត្រូវបានដោះស្រាយវិញ តាមរយៈការធ្វើបច្ចុប្បន្នភាពកម្មវិធី៕