វៀតណាម ចាយលុយជាង ១០លានដុល្លារ ទិញចូលផ្លែទុរេនពីប្រទេសថៃ និងម៉ាឡេស៊ី

អន្តរជាតិ

វៀតណាម ត្រូវបានគេរាយការណ៍ថាបានចំណាយទឹកប្រាក់អស់ប្រមាណ ៣០០ពាន់លានដុង (១១,៨លានដុល្លារ) លើការនាំចូលផ្លែទុរេន ពីប្រទេសថៃ និងម៉ាឡេស៊ី ក្នុងរយ:ពេល ១១ខែដំបូង កាលពីឆ្នាំ២០២៤ ពោលគឺបានកើនឡើង ៦ដង បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើតាមការចុះផ្សាយពីសារព័ត៌មមាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ខែ​វិច្ឆិកា​តែ​មួយ វៀតណាម​បាន​ចំណាយ​ទឹកប្រាក់ ៣លាន​ដុល្លារ​ លើ​ការ​នាំ​ចូល​ទុរេន ដែល​កើន​ឡើង ១១ដង​ធៀប​នឹង​ពេលដូចគ្នា ក្នុងឆ្នាំ២០២៣​។

គួរឲ្យដឹងថា វៀតណាម​បាន​ទិញ​ចូលផ្លែទុរេន​តូចៗ​ភាគ​ច្រើន​ ពី​ប្រទេស​ថៃ ដែលជាតម្រូវការខ្ពស់សម្រាប់ប្រជាជនមានប្រាក់ចំណូលមធ្យម។ ទន្ទឹមនឹងនោះ ទុរេន Frozen Musang King មកពីប្រទេសម៉ាឡេស៊ី ក៏ត្រូវបាននាំចូលមកច្រើនផងដែរ ដោយសារតែវាជាតម្រូវការសំខាន់សម្រាប់ការធ្វើនំ។

លោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមន៍បន្លែ និងផ្លែឈើវៀតណាម បានមានប្រសាសន៍ថា កសិករវៀតណាមប្រឈមមុខនឹងបញ្ហាក្នុងការដាំដុះពូជទុរេន Musang King ដោយសារលក្ខខណ្ឌអាកាសធាតុមិនសមស្រប និងមានដែនកំណត់លើបច្ចេកទេស។ ជាលទ្ធផល ប្រជាជនវៀតណាមភាគច្រើន បានជ្រើសរើសដាំទុរេនប្រភេទផ្សេងទៀតជំនួសវិញ ដើម្បីទទួលបានទិន្នផលកាន់តែប្រសើរ។

ទោះជាយ៉ាងនេះក្តី ការកើនឡើងនៃការនាំចូល មិនបានគ្របដណ្ដប់លើសមិទ្ធិផលនៃការនាំចេញផ្លែទុរេនរបស់វៀតណាមនោះទេ។ ក្នុង​ឆ្នាំ២០២៤ ការ​នាំ​ចេញ​ទុរេន​របស់​ប្រទេស​នេះ​ បាន​ឈានដល់ ៣,៣ពាន់​លាន​ដុល្លារ ពោលគឺបានកើន​ឡើង​ជាង ១ពាន់​លាន​ដុល្លារ ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣។

យោងតាមប្រភពដដែលខាងលើនេះ បានបង្ហាញឲ្យដឹងទៀតថា ទុរេន​ មាន​ចំនួន​ជិត ៥០% នៃ​ចំណូល​នាំចេញ​បន្លែ​ផ្លែឈើ​សរុប​របស់​វៀតណាម។

ជម្រាបជូនផងដែរថា វៀតណាម​មាន​បំណង​បង្កើន​ការ​នាំ​ចេញ​ទុរេន​ឲ្យដល់ ​៣,៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៥នេះ ខណ:វានឹងរួម​ចំណែក​ដល់​គោលដៅ​នាំ​ចេញ​បន្លែ​ផ្លែឈើ​សរុបចំនួន ​៨​ពាន់​លាន​ដុល្លាររបស់ខ្លួន៕