រដ្ឋមន្រ្ដីក្រសួងចំនួន៥រូប និងថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នជាច្រើន បានអញ្ជើញចូលរួមកិច្ចប្រជុំលើសេចក្តីព្រាង “យុទ្ធសាស្រ្តស្តីពីការរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ២០២៥-២០២៨” នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នៅក្នុងកិច្ចប្រជុំនេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ជា សុមេធី រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាតំណាងពីវិស័យឯកជន រួមមាន សមាគមធុរកិច្ច ដៃគូអភិវឌ្ឍន៍ និងភ្នាក់ងារចុះបញ្ជីអាជីវកម្ម ជាច្រើនជាច្រើនរូបទៀត។
កិច្ចប្រជុំនេះប្រារព្ធឡើងក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សាលើខ្លឹមសារសេចក្តីព្រាង “យុទ្ធសាស្រ្តស្តីពីការរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ២០២៥-២០២៨” ដែលបានរៀបចំដោយក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច។
សូមជម្រាបថា “យុទ្ធសាស្ត្រស្តីពីការរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ២០២៥-២០២៨” ត្រូវបានរៀបចំឡើងក្នុងគោលដៅជំរុញកិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច តាមរយៈការសម្រួលនីតិវិធី កម្រៃសេវា និងលក្ខខណ្ឌតម្រូវ នៃសេវាសម្រាប់ធុរកិច្ច៕