នាពេលឆាប់ៗនេះ កម្ពុជា ត្រៀមចចារជាមួយឡាវ ដើម្បីជំរុញការសាងសង់ស្ពានឆ្លងព្រំដែនរវាងទន្លេរពៅ និងទន្លេសេឡាំផ្សៅ(ឡាវ) រួមទាំងផ្លូវតភ្ជាប់រវាខេត្តព្រះវិហារ និងខេត្តចម្ប៉ាសាក់ នៃប្រទេសទាំងពីរ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវិស័យទេសចរណ៍ឱ្យបានឆាប់។
នេះបើយោងតាមកិច្ចប្រជុំអន្តរក្រសួង ស្ដីពីការពិនិត្យពិភាក្សាលើជំហរកម្ពុជាក្នុងការកំណត់ទីតាំងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ(កម្ពុជា)/សេឡាំផៅ(ឡាវ) និងផ្លូវតភ្ជាប់ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥។
នាឱកាសនោះ លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារអន្តរក្រសួង បានឱ្យដឹងថា កិច្ចប្រជុំក្របខណ្ឌអន្តរក្រសួង បានធ្វើការពិនិត្យពិភាក្សាលើជំហរកម្ពុជា ក្នុងការកំណត់ទីតាំងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅព្រំដែនកម្ពុជា-ឡាវ និងផ្លូវតភ្ជាប់ប្រទេសទាំងពីរ (ខេត្តព្រះវិហារ ប្រទេសកម្ពុជា និង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ) សម្រាប់ត្រៀមចរចាជាមួយក្រុមការងារភាគីឡាវ នាពេលឆាប់ៗខាងមុខនេះ។
លោកបន្ថែមថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិភាក្សារកជំហររួមគ្នារបស់កម្ពុជា សម្រាប់ត្រៀមចរចាជាមួយក្រុមការងារភាគីឡាវ លើជម្រើសទីតាំងសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅនេះ បន្ទាប់ពីក្រសួងសាធារណការនិងដឹកជញ្ជូន ទទួលបានការឯកភាពជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ/សេឡាំផៅ នេះឱ្យក្លាយជា “ស្ពានមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ឡាវ” ។
លោកអះអាងថា សមិទ្ធផលនៃគម្រោងសាងសង់ស្ពាននិងផ្លូវតភ្ជាប់នេះ ត្រូវបានរំពឹងទុកថានឹងក្លាយជាទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់ប្រទេសទាំងពីរ ដែលនឹងនាំមកនូវភាពជាអ្នកជិតខាងល្អ វិបុលភាព ក៏ដូចជាដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរបស់ប្រទេសទាំងពីរផងដែរ។
សូមរម្លឹកដែរថា ក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ កាលដើមខែធ្នូ ឆ្នាំ២០២៤កន្លងទៅ ថ្នាក់ដឹកនាំទាំងពីរ បានលើកទឹកចិត្តឱ្យបណ្តាក្រសួង និងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរពន្លឿនការជ្រើសរើសទីតាំងសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ (ខេត្តព្រះវិហារ)-ទន្លេសេឡាំប៉ាវ (ខេត្តចំប៉ាសាក់) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ថ្នាក់ដឹកនាំទាំងពីរមានជំនឿយ៉ាងមុតមាំថា ស្ពាននេះនឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូន ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការតភា្ជប់ប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរ ក៏ដូចជាការតភ្ជាប់នៅក្នុងមហាអនុតំបន់មេគង្គផងដែរ៕អត្ថបទ៖ ហ្សាលីន