សមាគមសហគ្រាសអាស៊ីប៉ាស៊ីហ្វិក នឹងចូលរួមផ្សព្វផ្សាយពីសក្កានុពលវិនិយោគរបស់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិក (The Asia Pacific Association Small and Medium Enterprises – APASME) បានសន្យាថា នឹងចូលរួមផ្សព្វផ្សាយឱ្យបានផុសផុលអំពីកាលានុវត្តភាព និងសក្តានុពលវិនិយោគរបស់កម្ពុជាទៅកាន់សមាជិកខ្លួន ដើម្បីទាក់ទាញការវិនិយោគមកកាន់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញដឹកនាំក្រុមហ៊ុនចំនួន៩ ជាសមាជិក ដើម្បីមកជួបពិភាក្សាការងារជាមួយលោក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។

នាឱកាសនោះ លោក Kelvin MO ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិក  បានលើកឡើងថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីចូលជួបពិភាក្សា និងស្វែងយល់កាន់តែច្បាស់បន្ថែមទៀតអំពីបរិយាកាសវិនិយោគ និងលក្ខខណ្ឌបទដ្ឋានគតិយុត្តនានាសម្រាប់កិច្ចវិនិយោគនៅកម្ពុជា ក្រោយគណៈប្រតិភូធ្លាប់បានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីសក្ដានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា កាលពីអំឡុងបេសកកម្មគោះទ្វារវិនិយោគរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅប្រទេសកាណាដា កាលពីខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។

ជាមួយគ្នានេះ លោកបញ្ជាក់ទៀតថា សមាគមសន្យានឹងចូលរួមផ្សព្វផ្សាយឱ្យបានផុសផុលអំពីកាលានុវត្តភាព សក្តានុពលវិនិយោគរបស់កម្ពុជាក្នុងសមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិក។

សូមបញ្ជាក់ដែរថា សមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិក (APASME) គឺជាអង្គការមិនរកប្រាក់ចំណេញដែលជំរុញលើកកម្ពស់ភាពជាដៃគូលើវិស័យធុរកិច្ច និងការវិនិយោគនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានបេសកកម្មសម្របសម្រួលនិងជំរុញការផ្លាស់ប្តូរទំនាក់ទំនងរវាងអាជីវកម្មធុនតូច និងមធ្យម ជាមួយគ្រប់វិស័យពាក់ព័ន្ធ៕អត្ថបទ៖ ហ្សាលីន