លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសថា នឹងមិនគ្រប់គ្រងអាជីវកម្ម និងទ្រព្យសម្បត្តិផ្ទាល់ខ្លួននោះឡើយ បន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកជាផ្លូវការ នៅសប្តាហ៍ក្រោយ ដើម្បីជៀសវាងជម្លោះផលប្រយោជន៍ណាមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
យោងតាមក្រុមហ៊ុនសាជីវកម្ម Trump Organization បានប្រកាសកាលពីចុងសប្តាហ៍មុនថា លោក ត្រាំ នឹងប្រគល់មុខជំនួញរបស់ខ្លួនទាំងអស់ទៅឲ្យកូនៗជាអ្នកគ្រប់គ្រងជំនួសវិញ នៅពេលលោកនឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមករាខាងមុខ។ អាណាចក្រភពជំនួញរបស់លោក ត្រាំ ឥឡូវនេះ ត្រូវបានគេរាយការណ៍ថាមានតម្លៃដល់ទៅរាប់ពាន់លានដុល្លារ ឯណោះ ដោយប្រតិបត្តិការលើអាជីវកម្មជាច្រើនរួមមានអចលនទ្រព្យ សណ្ឋាគារ ទីលានវាយកូនហ្គោល និងប្រព័ន្ធផ្សព្វផ្សាយជាដើម ខណ:លោកក៏ធ្លាប់បានធ្វើសកម្មភាពស្រដៀងគ្នានេះផងដែរ នៅក្នុងអំឡុងអាណត្តិដំបូងរបស់ខ្លួន។
ទន្ទឹមនឹងនេះ Trump Organization បាននិយាយទៀតថា ទ្រព្យសម្បត្តិ ការវិនិយោគ និងផលប្រយោជន៍អាជីវកម្មទាំងអស់របស់លោក ត្រាំ នឹងត្រូវបានដាក់នៅក្នុងមូលនិធិជឿទុកចិត្តមួយ ដែលគ្រប់គ្រងដោយកូនៗ ស្របពេលលោកក៏នឹងមិនបម្រើការនៅក្នុងក្រុមប្រឹក្សាភិបាលណាមួយ និងមិនបើកដំណើរការក្រុមហ៊ុនផងដែរ។
យោងតាមសេចក្តីប្រកាសដដែលនេះ លោក ត្រាំ ក៏មិនអាចមានសិទ្ធិធ្វើប្រតិបត្តិការថ្មី ឬកិច្ចសន្យាជាមួយរដ្ឋាភិបាលបរទេសបាននោះឡើយ ខណ:លោកនឹងមានសិទ្ធិត្រឹមតែអាចចូលទៅប្រើប្រាស់ព័ត៌មានហិរញ្ញវត្ថុដោយមានកម្រិត របស់ក្រុមហ៊ុនប៉ុណ្ណោះ។
ប្រាក់ចំណេញពីអតិថិជនរដ្ឋាភិបាលបរទេស តាមរយៈការស្នាក់នៅសណ្ឋាគារ ឬសេវាកម្មស្រដៀងគ្នា នឹងត្រូវផ្ទេរចូលទៅកាន់រតនាគារសហរដ្ឋអាមេរិក ស្របពេលការវិនិយោគរបស់លោក ត្រាំ ត្រូវបានគ្រប់គ្រងដោយឯករាជ្យដោយអង្គការខាងក្រៅរដ្ឋាភិបាល។
ជម្រាបជូនផងដែរថា ក្នុងអំឡុងពេលអាណត្តិដំបូង លោក ត្រាំ បានផ្ទេរការគ្រប់គ្រងក្រុមហ៊ុន ទៅឲ្យកូនប្រុសឈ្មោះ Don Jr. និង Eric Trump ។ តែទោះជាយ៉ាងណា អ្នកជំនាញជាច្រើនជឿជាក់ថា នេះនៅតែបង្កជាជម្លោះផលប្រយោជន៍។ ពួកគេបានជំរុញឲ្យលោកដកខ្លួនចេញពីអាជីវកម្មទាំងស្រុង ប៉ុន្តែលោកបានបដិសេធ៕