គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិនិត្យពិភាក្សាលើខ្លឹមសារសេចក្តីព្រាង “យុទ្ធសាស្រ្តស្តីពីការរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចរយៈពេល៤ឆ្នាំ (២០២៥-២០២៨”)។
កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នាថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥។
លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យពិភាក្សាលើខ្លឹមសារសេចក្តីព្រាង “យុទ្ធសាស្រ្តស្តីពីការរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ២០២៥-២០២៨” ដែលបានរៀបចំដោយក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច។
ក្នុងកិច្ចប្រជុំនេះដែរ លោកស្រី ជា សិរី ក៏បានលើកឡើងពីសសរស្តម្ភ ៤ ក្នុងការគាំទ្រសេដ្ឋកិច្ចឌីជីថលដែលប្រទេសអភិវឌ្ឍបានប្រកាន់យករួមមាន៖ ១. អត្តសញ្ញាណឌីជីថល ២. ការអនុញ្ញាតនិងការព្រមព្រៀង ៣. ការផ្លាស់ប្តូរទិន្នន័យ និង ៤. ប្រព័ន្ធទូទាត់ដែលមានលទ្ធភាពធ្វើប្រតិបត្តិការឆ្លងគ្នា។
បន្ថែមលើនេះ លោកស្រី ក៏បានចែករំលែកពីកិច្ចការមួយចំនួនដែលក្រសួង-ស្ថាប័នរដ្ឋអាចសហការជាមួយវិស័យឯកជនបាន ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការសេវាកម្ម និងនិងបានស្នើពិនិត្យលទ្ធភាពបញ្ជាក់ពីគោលការណ៍ណែនាំច្បាស់លាស់អំពីការបើកលទ្ធភាពអោយមានកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនក្នុងការអភិវឌ្ឍន៍សេវាអេឡិចត្រូនិចនៅក្នុងសេចក្តីព្រាងយុទ្ធសាស្រ្តផងដែរ។
គួរបញ្ជាក់ដែរថា តាមរយៈអង្គប្រជុំនេះ ស្ថាប័នជំនាញ ក៏បានពិភាក្សាយ៉ាងផុលផុសលើខ្លឹមសារសេចក្តីព្រាងយុទ្ធសាស្រ្តនេះ និងបានលើកឡើងសំណើក៏ដូចជាសំណូមពរមួយចំនួន សំដៅពិនិត្យគ្រប់ទិដ្ឋភាពនដំណើរការរៀបចំឯកសារដ៏មានសារៈសំខាន់នេះឱ្យបានរលូន និងជោគជ័យ៕ អត្ថបទ៖ ហ្សាលីន