ក្រុមហ៊ុនឯកជនឈានមុខគេរបស់វៀតណាម Vingroup ដែលមានដោយមហាសេដ្ឋីមានដាច់គេបំផុតរបស់ប្រទេស គឺលោក Pham Nhat Vuong កាលពីពេលថ្មីៗនេះ បានអនុម័តការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយឈ្មោះថា VinMotion ដែលនឹងមានជំនាញក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍ និងបង្កើតមនុស្សយន្តពហុមុខងារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Touitre News។
យោងតាមការប្រកាសដោយ Vingroup បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុនថ្មីនេះ នឹងមានដើមទុនវិនិយោគដំបូងចំនួន ១ទ្រីលានដុង (៣៩,៤លានដុល្លារអាមេរិក) ដោយនឹងមានទីស្នាក់ការកណ្តាល នៅក្នុងសង្កាត់ Long Bien ទីក្រុងហាណូយ។ តាមរយ:ការបង្កើតក្រុមហ៊ុនថ្មីនេះ Vingroup កាន់កាប់ភាគហ៊ុនសរុបចំនួន ៥១% នៅក្នុង VinMotion ។
គួរឲ្យដឹងផងដែរថា VinMotion មិនមែនជាក្រុមហ៊ុនបង្កើតមនុស្សយន្តដំបូងរបស់មហាសេដ្ឋីលោក Pham Nhat Vuong នោះឡើយ ដោយកាលពីចុងខែវិច្ឆិកាឆ្នាំមុន Vingroup ក៏បានប្រកាសបង្កើតក្រុមហ៊ុន VinRobotics ដែលជាក្រុមហ៊ុនបង្កើតមនុស្សយន្តសម្រាប់ឧស្សហកម្ម ជាមួយដើមទុនវិនិយោគដំបូង ១ទ្រីលានដុង ដូចគ្នា។
Vingroup កាន់កាប់ភាគហ៊ុន ៥១% នៅក្នុងក្រុមហ៊ុន VinRobotics នេះ ខណៈ ៣៩% នៃភាគហ៊ុនសរុប ត្រូវបានកាន់កាប់ដោយប្រធាន Vingroup លោក Vuong ផ្ទាល់ ស្របពេលនៅសល់ ១០% ទៀតត្រូវបានបែងចែកស្មើៗគ្នាទៅឲ្យកូនៗ គឺលោក Pham Nhat Quan Anh និង Pham Nhat Minh Hoang ។
គួរឲ្យដឹងថា VinRobotics ត្រូវបានបង្កើតឡើងដើម្បីផ្តោតលើការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការផ្ទេរបច្ចេកវិទ្យាទំនើប ជាពិសេសផ្នែកស្វ័យប្រវត្តិកម្ម មនុស្សយន្តឧស្សាហកម្ម និងបញ្ញាសិប្បនិម្មិត ជាដើម។
ជម្រាបជូនថា ចាប់តាំងពីដើមឆ្នាំ២០២៤ មក Vingroup បាននិងកំពុងបង្កើតអង្គភាពថ្មីៗ ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាកម្រិតខ្ពស់ និងឧស្សាហកម្មរបស់ខ្លួន៕