គណៈប្រតិភូមកពីសមាគមសហគ្រាសធុនតូច និងមធ្យម អាស៊ីប៉ាស៊ីហ្វិក (APASME) ដែលរួមមានតំណាងមកពីសហគមន៍ធុរកិច្ចកាណាដា និងចិន បានសិក្សាពីឱកាសវិនិយោគក្នុងវិស័យជាច្រើននៅកម្ពុជា រួមទាំងកសិកម្ម ទឹកស្អាត ការកែច្នៃចំណីអាហារ និងការអភិវឌ្ឍឧស្សាហកម្ម។
នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូមកពីសមាគមសហគ្រាសធុនតូច និងមធ្យម អាស៊ីប៉ាស៊ីហ្វិក (APASME) កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ គណៈប្រតិភូ ដែលរួមមានតំណាងមកពីសហគមន៍ធុរកិច្ចកាណាដា និងចិន បានសិក្សាឱកាសវិនិយោគក្នុងវិស័យជាច្រើននៅកម្ពុជា រួមទាំងកសិកម្ម ទឹកស្អាត ការកែច្នៃចំណីអាហារ និងការអភិវឌ្ឍឧស្សាហកម្ម ដោយចាប់អារម្មណ៍ជាពិសេសលើការនាំយកដំណោះស្រាយបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនដើម្បីគាំទ្រវិស័យទាំងនោះ។
លោក Lang Wangkai តំណាងក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់ចិន ក៏បានចែករំលែកបទពិសោធន៍ប្រទេសចិនក្នុងការប្រែក្លាយជាប្រទេសឈានមុខផ្នែកបច្ចេកវិទ្យា ដោយលោកបានលើកឡើងថា យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជាស្របទៅនឹងជំនាញរបស់ប្រទេសចិន ពិសេសទាក់ទងនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត វិទ្យាសាស្ត្ររូបធាតុ និងបច្ចេកវិទ្យាទំនើបផ្សេងទៀត។
នាឱកាសនោះ លោក ហែម វណ្ណឌី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើពិពិធកម្មឧស្សាហកម្ម និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈការអនុវត្តស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងការបំពេញលក្ខខណ្ឌតម្រូវវត្ថុធាតុដើមក្នុងស្រុកជាដើម។
លោកបន្តថា កម្ពុជាគឺជាទីផ្សារកំពុងរីកចម្រើន និងមិនល្អឥតខ្ចោះទេ ដែលកំពុងខិតខំពង្រឹងវិស័យគាំទ្រចាំបាច់ ដូចជាការអភិវឌ្ឍជំនាញ ការកាត់បន្ថយថ្លៃឡូជីស្ទីក និងថ្លៃថាមពលជាដើម ព្រមទាំងបានបញ្ជាក់ជូនគណៈប្រតិភូពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញបរិយាកាសគាំទ្រវិនិយោគ។
លោកក៏បានលើកទឹកចិត្តឱ្យគណៈប្រតិភូនាំយកបច្ចេកវិទ្យា ចំណេះដឹង និងបទពិសោធន៍របស់ខ្លួន មកកម្ពុជា ដើម្បីជាមូលដ្ឋានសម្រាប់ការវិនិយោគបន្ថែម ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលក៏អាចរៀបចំតំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យអាទិភាពជាក់លាក់។
បន្ថែមពីនោះ លោកក៏ស្នើឱ្យសមាគម APASME បង្កើតការិយាល័យរបស់ខ្លួននៅកម្ពុជា ហើយអាចចាប់ផ្តើមដោយធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍លើពូជដំណាំដែលធន់នឹងអាកាសធាតុ និងផ្តល់ទិន្នផលខ្ពស់ ព្រមទាំងវិនិយោគលើការផលិតទំនិញដែលមានបន្ថែមតម្លៃខ្ពស់ ដូចជាគ្រឿងទេស ផលិតផលវេចខ្ចប់ ឬស្រាអង្ករប្រណិត ដោយទាញយកអត្ថប្រយោជន៍ពីកេរ្តិ៍ឈ្មោះដែលអង្ករកម្ពុជាបានឈ្នះជ័យលាភីជា «អង្ករល្អដាច់គេ» របស់ពិភពលោកផងដែរ។
សូមបញ្ជាក់ដែរថា សមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិក (APASME) គឺជាអង្គការមិនរកប្រាក់ចំណេញដែលជំរុញលើកកម្ពស់ភាពជាដៃគូលើវិស័យធុរកិច្ច និងការវិនិយោគនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានបេសកកម្មសម្របសម្រួលនិងជំរុញការផ្លាស់ប្តូរទំនាក់ទំនងរវាងអាជីវកម្មធុនតូច និងមធ្យម ជាមួយគ្រប់វិស័យពាក់ព័ន្ធ៕