គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខ។ នេះបើតាមការឱ្យដឹងពី លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។
កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យវឌ្ឍនភាពគម្រោង និងទិសដៅការងារបន្តរបស់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងតាខ្មៅ ដោយការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំគម្រោង ប្រធានគម្រោង មន្ត្រីសមាជិកគម្រោង និងក្រុមការងារក្រុមហ៊ុនសាងសង់ Joint Venture of KUMHO-TECHCROSS ផងដែរ។
តាមការបញ្ជាក់ឱ្យដឹង កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពគម្រោង និងទិសដៅការងារបន្តសម្រាប់ត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងតាខ្មៅ ខេត្តកណ្តាលនេះ ស្ថិតនៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលត្រូវបានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ជាមួយក្រុមហ៊ុន Joint Venture of KUMHO-TECHCROSS៕