មន្ត្រីចិន កំពុងពិចារណាលក់ប្រតិបត្តិការរបស់ TikTok នៅក្នុងទឹកដីសហរដ្ឋអាមេរិក ទៅឲ្យមហាសេដ្ឋីកំពូលរបស់ពិភពលោក Elon Musk ជាអ្នកគ្រប់គ្រង ក្នុងករណីវេទិកាបណ្តាញសង្គមដ៏ពេញនិយមនេះ ត្រូវចាញ់ក្តីនៅក្នុងតុលាការកំពូលអាមេរិក ពាក់ព័ន្ធនឹងការហាមឃាត់នោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា នៅក្នុងសេណារីយ៉ូមួយនៃការលក់ TikTok ដែលអាចធ្វើទៅបាន គឺថាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក Musk អាចរួមបញ្ចូលជាមួយ TikTok ដោយនឹងធ្វើការគ្រប់គ្រងប្រតិបត្តិការរួមគ្នា នៅសហរដ្ឋអាមេរិក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរចិន មិនទាន់ឈានដល់ការឯកភាពជាក់លាក់មួយអំពីរបៀបនៃការអនុវត្តកិច្ចព្រមព្រៀងនេះនៅឡើយទេ។
រហូតមកដល់ពេលនេះ ការពិភាក្សាកំពុងស្ថិតក្នុងដំណាក់កាលបឋមនៅឡើយ ខណ:រដ្ឋាភិបាលទីក្រុងប៉េកាំង នៅតែចង់ឲ្យ TikTok នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមេ ByteDance របស់ចិនដដែល។
យ៉ាងណាក៏ដោយ ជុំវិញព័ត៌មានសម្អិតពាក់ព័ន្ធទៅនឹងរបាយការណ៍នេះ ទាំងក្រុមហ៊ុន ByteDance និងមហាសេដ្ឋី Elon Musk ដែលជាម្ចាស់របស់បណ្តាញសង្គម X មិនបានធ្វើការអត្ថាធិប្បាយណាមួយនៅឡើយនោះទេ ស្របពេលរដ្ឋបាល Cyberspace of China (CAC) និងក្រសួងពាណិជ្ជកម្មចិន ដែលអាចពាក់ព័ន្ធនឹងការសម្រេចចិត្តអំពីអនាគតរបស់ TikTok ក៏មិនបានឆ្លើយតបទៅនឹងសំណើសុំឲ្យមានការអត្ថាធិប្បាយលើរឿងនេះ ផងដែរ។
ជម្រាបជូនផងដែរថា ការពិចារណានេះ កើតឡើងនៅពេលដែលតុលាការកំពូលរបស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងតម្កល់ច្បាប់ដែលតម្រូវឲ្យ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ដកហូតទ្រព្យសម្បត្តិនៅអាមេរិករបស់ខ្លួន ត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយសារតែមានការព្រួយបារម្ភទៅលើបញ្ហាសន្តិសុខជាតិ៕