យោងតាមក្រុមស៊ើបអង្កេត នៅក្នុងប្រទេសកូរ៉េខាងត្បូង បានបង្ហាញឲ្យដឹងងនៅថ្ងៃពុធ ទី១៥ ខែមករានេះថា ប្រធានាធិបតីលោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីព្យាយាមគេចវេសពីដីកាតុលាការជាច្រើនលើក ក្នុងការចូលខ្លួនសារភាពទោសជុំវិញការដាក់ចេញច្បាប់អាជ្ញាសឹក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
លោក Yoon ដែលត្រូវបានចោទប្រកាន់ ពីបទបះបោរជុំវិញការដាក់ចេញច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់ខ្លួនកាលពីខែមុន បានក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេបង្អស់ នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េដែលត្រូវបានចាប់ខ្លួន។
ទន្ទឹមនឹងនេះ ក្រុមអ្នកស៊ើបអង្កេតដែលកំពុងដឹកនាំការស៊ើបអង្កេតលើលោក Yoon បានបញ្ជាក់ថា មានមន្ត្រីប៉ូលិស និងក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយប្រហែលជា ៣០០០នាក់ បានប្រមូលផ្ដុំគ្នានៅខាងមុខនិវេសនដ្ឋានរបស់លោក Yoon ដើម្បីអនុវត្ត ដីកាចាប់ខ្លួនប្រធានាធិបតីរូបនេះ ជាលើកទី២។
បន្ទាប់ពីការប្រឈមមុខដាក់គ្នាអស់ពេលប៉ុន្មានម៉ោងក្រោយមក អាជ្ញាធរបានប្រកាសថា លោក Yoon ត្រូវបានចាប់ខ្លួន ហើយមេដឹកនាំដែលរងការចោទប្រកាន់រូបនេះ ក៏បានបញ្ចេញនូវសារជាវីដេអូមួយដែលត្រូវបានថតទុកជាមុនផងដែរ។
នៅក្នុងសារនោះ លោក Yoon បាននិយាយថា ៖”ខ្ញុំបានសម្រេចចិត្តប្រគល់ខ្លួនទៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ”។ មេដឹកនាំរូបនេះបានបន្ថែមទៀតថា លោកនឹងមិនទទួលយកភាពស្របច្បាប់នៃការស៊ើបអង្កេតនេះឡើយ ប៉ុន្តែកំពុងអនុវត្តតាម ដើម្បីការពារការបង្ហូរឈាមជាអកុសលណាមួយ។
ជម្រាបជូនផងដែរថា លោក Yoon អាចប្រឈមនឹងការកាត់ទោសប្រហារជីវិត ឬដាក់ពន្ធនាគារអស់មួយជីវិត ប្រសិនបើត្រូវបានរកឃើញថាលោកពិតជាមានកំហុសក្នុងការបះបោរពិតមែននោះ៕