មហាសេដ្ឋីបច្ចេកវិទ្យាកំពូលៗរបស់ពិភពលោក ដូចជា Elon Musk, Jeff Bezos និង Mark Zuckerberg នឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងជាផ្លូវការរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ នេះបើតាមយោងតាមការចុះផ្សាយពីសារព័ត៌មាន CNA។
យោងតាមប្រភពដែលដឹងពីការចូលរួមនេះ បាននិយាយថា ស្ថាបនិករបស់ក្រុមហ៊ុន Tesla, Amazon និង Meta នឹងត្រូវទទួលបានការអញ្ជើញជាពិសេសនៅឯការស្បថចូលកាន់តំណែងរបស់លោក ត្រាំ ដោយនឹងអង្គុយរួមជាមួយគណៈរដ្ឋមន្ត្រីរបស់គណបក្សសាធារណរដ្ឋដែលត្រូវបានតែងតាំងក្នុងរដ្ឋាភិបាលថ្មី និងមន្ត្រីជាប់ឆ្នោតផ្សេងទៀត។
គួរឲ្យដឹងថា កន្លងមកក្រុមហ៊ុន Amazon របស់លោក Bezos និង Meta របស់លោក Mark ស្ថិតក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិកផ្សេងទៀតដែលបានបរិច្ចាគទឹកប្រាក់ម្នាក់ ១លានដុល្លារ ដល់មូលនិធិស្បថចូលកាន់តំណែងរបស់លោក ត្រាំ នេះ។
មិនតែប៉ុណ្ណោះ លោក Musk ដែលជាប្រធានក្រុមហ៊ុន Tesla, SpaceX និងបណ្តាញសង្គម X ក៏បានចំណាយទឹកប្រាក់ខ្ទង់រយលានដុល្លារដើម្បីជួយលោក ត្រាំ ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានធិបតីអាណត្តិថ្មី កាលពីក្នុងខែវិច្ឆិកាកន្លងទៅ ផងដែរ៕