អាជ្ញាធរនៅទីក្រុងក្យូតូ របស់ប្រទេសជប៉ុន បានប្រកាសកាលពីថ្ងៃអង្គារ ទី១៤ ខែមករាថា ខ្លួនគ្រោងនឹងដំឡើងពន្ធលើកន្លែងស្នាក់នៅក្នុងសណ្ឋាគាររហូតដល់ទៅ ១០ដង ដើម្បីព្យាយាមកាត់បន្ថយចំនួនភ្ញៀវទេសចរដែលសម្រុកមកលេងកម្សាន្តច្រើនលើសលប់ពេក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។
ប្រទេសជប៉ុន បានឃើញពីចំនួនភ្ញៀវទេសចរបរទេសហក់ឡើងខ្ពស់ខ្លាំង បន្ទាប់ពីជំងឺរាតត្បាត ដោយចំនួនអ្នកទស្សនានៅឆ្នាំ២០២៤ កន្លងទៅ ត្រូវព្យាករថាបានឡើងដល់ទៅជាង ៣៥ លាននាក់។
ជុំវិញកំណើនដ៏ខ្លាំងនេះ អាជ្ញាធរទីក្រុងក្យូតូ បានបង្ហាញឲ្យដឹងថា ដើម្បីកាត់បន្ថយសម្ពាធពីវិស័យទេសចរណ៍ រដ្ឋាភិបាលទីក្រុងគ្រោងនឹងដំឡើងពន្ធកន្លែងស្នាក់នៅដល់ ១០ ០០០យ៉េនក្នុងមួយយប់ (ប្រហែល ៦៤ដុល្លារ)។
គួរឲ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំ២០១៨ មក ទីក្រុងតូក្យូបានអនុវត្តប្រព័ន្ធពន្ធ ៣កម្រិតសម្រាប់ផ្នែកសណ្ឋាគារនីមួយៗ។ ប្រសិនបើបន្ទប់មានតម្លៃតិចជាង ២០ ០០០យ៉េន ពន្ធកន្លែងស្នាក់ គឺនឹងត្រូវបន្ថែមប្រមាណ ២០០យ៉េនសម្រាប់មនុស្សម្នាក់ក្នុងមួយយប់។
ដោយឡែកសម្រាប់បន្ទប់ដែលមានតម្លៃចន្លោះពី ២០ ០០០-៥០ ០០០យ៉េន នោះការយកពន្ធបន្ថែមលើកន្លែងស្នាក់នៅគឺ ៥០០យ៉េន ខណ:តម្លៃបន្ទប់លើសពី ៥០ ០០០ នឹងយកពន្ធស្នាក់នៅបន្ថែម ១០០០យ៉េន។
យ៉ាងណាមិញ យោងតាមផែនការដំឡើងពន្ធថ្មីចុងក្រោយនេះ សម្រាប់បន្ទប់នៅទីក្រុងក្យូតូដែលមានតម្លៃចន្លោះពី ២០ ០០០-៥០ ០០០យ៉េន នឹងត្រូវយកពន្ធស្នាក់នៅបន្ថែមទ្វេដងដល់ ១ ០០០យ៉េន (៦,៣៥ដុល្លារ) ក្នុងមួយយប់។
ទន្ទឹមនឹងនេះ សម្រាប់ការស្នាក់បន្ទប់ដែលមានតម្លៃលើសពី ១០០ ០០០យ៉េនក្នុងមួយយប់ ពន្ធបន្ថែមនឹងកើនឡើងដល់ ១០ ០០០យ៉េន ពោលគឺលើសពីកម្រិតបច្ចុប្បន្នដល់ទៅ ១០ដង។ ផែនការពន្ធថ្មីនេះ អាចនឹងត្រូវចូលជាធរមាននៅឆ្នាំក្រោយ ដោយត្រូវមានការយល់ព្រមពីសភាក្រុងរួចរាល់ហើយ។
មិនតែប៉ុណ្ណោះ យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរទីក្រុងក្យូតូ បាននិយាយទៀតថា ៖ “យើងមានបំណងដំឡើងពន្ធលើកន្លែងស្នាក់នៅបន្ថែមទៀត ដើម្បីសម្រេចបាននូវទេសចរណ៍ដែលប្រកបដោយនិរន្តរភាព ជាមួយនឹងកម្រិតខ្ពស់នៃការពេញចិត្តសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអាជីវកម្ម”៕