អ្នកឧកញ៉ា លី យូគៀក សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមហ៊ុន លី យូគៀក អ៊ិនវេនមិន បានបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយបោះពុម្ពសៀវភៅមានចំណងជើងថា «រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ» ចំនួន ២ម៉ឺនក្បាល ចែកជូនយុវជននៅតាមវិទ្យាល័យ និងតាមសាកលវិទ្យាល័យនានា ដើម្បីបានសិក្សារៀនសូត្រ ពីគម្រូវីរភាពរបស់ថ្នាក់ដឹកនាំ។
លោក ទូច សុឃៈ អ្នកនិពន្ធសៀវភៅ «រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ» បានលើកឡើងលើបណ្តាញសង្គម កាលពីថ្ងៃទី១៤ ខែមករា ម្សិលមិញនេះ ដែលត្រូវនឹងថ្ងៃសម្ដេចតេជោ ហ៊ុន សែន ទទួលបានការបោះឆ្នោតទុកចិត្តជានាយករដ្ឋមន្ត្រីក្មេងជាងគេលើលោក កាលពី ៣៨ឆ្នាំមុន ក្នុងតំណែងជានាយករដ្ឋមន្ត្រី ថា សម្ដេចតេជោ ពីកូនសិស្សលោក ក្លាយជាអ្នកដឹកនាំរំដោះប្រទេស/ប្រជាជនពីគ្រោះជីវិត និងអត់ឃ្លានក្រោមដៃ ប៉ុល ពត ក្លាយជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ក្លាយជានាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា(ប្រមុខរដ្ឋស្ដីទី)។ លោកចាយជីវិត ដើម្បីប្រទេសជាតិពីគុកឥតជញ្ជាំង មកមានសិទ្ធិសេរីភាព ពិសេស សិទ្ធិរស់រៀនមានជីវិត និងប្រែក្លាយពីគ្រោះអត់អាហារ មកជាមានហូបហូរហៀរ ដូចសម្ដេចប្ដេជ្ញា «មិនឱ្យប្រជនណាម្នាក់ស្លាប់ដោយអត់បាយនោះទេ»។
ក្នុងនាមជាអ្នកស្រាវជ្រាវនិងរៀបរៀងសៀវភៅខាងលើនេះ លោក ទូច សុឃៈ បានបន្ថែមថា មេរៀនគន្លឹះចំនួន២៥ ពីសម្ដេចតេជោ ដែលលោកស្រាវជ្រាវតាមឯកសារ និងតាមអង្កេតជាក់ស្ដែងពីភាពជោគជ័យរបស់លោកទាំងជីវិតផ្ទាល់ខ្លួន គ្រួសារ និងជាតិទាំងមូល ដែលរហូតឈានដល់ អ្នកឧកញ៉ា លី យូគៀក មើលឃើញគុណតម្លៃនៃសៀវភៅ«រៀនពី ហ៊ុន សែន ដើម្បីជោគជ័យ»នេះ ហើយលោកបានបរិច្ចាគបោះពុម្ពចែកជូនប្អូនៗយុវជនចំនួន ២ម៉ឺនក្បាល សម្រាប់សិក្សារៀនសូត្រតាម និងបន្តបោះពុម្ពចែកជូនតាមសំណូមពររបស់សិស្សានុសិស្សតាមវិទ្យាល័យ និងនិស្សិតតាមសាកលវិទ្យាល័យជាបន្ត ក្នុងបំណងបង្កើតនិងពង្រីកធនធានមនុស្សជំនាន់ក្រោយ ហើយដែលលោកនឹងកែសម្រួលបន្តបំពេញបន្ថែមមេរៀនគន្លឹះមួយចំនួនទៀត ពីសម្ដេចតេជោគ្រាបោះពុម្ពវគ្គបន្ទាប់។
គួរបញ្ជាក់ថា អ្នកឧកញ៉ា លី យូគៀក ជានិច្ចកាលតែងតែចូលរួមបរិច្ចាគថវិកា និងធនធានផ្ទាល់ខ្លួន ជាមួយរាជរដ្ឋាភិបាល ស្ទើរគ្រប់សកម្មភាព។ ជាពិសេស អ្នកឧកញ៉ា តែងចូលរួមក្នុងការជួយកសាងសមិទ្ធផលនានា តាមទីវត្តអារ៉ាម និងសាលារៀន។ ជាក់ស្តែង កាលចុងឆ្នាំ២០២២ អ្នកឧកញ៉ា បានឧបត្ថម្ភទាំងស្រុង លើការកសាងរូបសំណាកព្រះបាទជ័យវរ្ម័នទី៧, រូបសំណាកសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត និងរូបសំណាកអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ នៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ចន្ទ្រា ស្ថិតនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។
តាមរយៈការបរិច្ចាគនូវធនធានជួយដល់សង្គមជាច្រើន លោកឧកញ៉ា លី យូគៀក ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ជា «អ្នកឧកញ៉ា» នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕