ក្រសួងព័ត៌មាន បានសម្រេចបង្កើតមន្ត្រីសម្របសម្រួលព័ត៌មាន និងសាធារណមតិដែលមានគ្នាចំនួន៥រូប នៅថ្នាក់រាជធានី ខេត្តនីមួយៗ ដើម្បីបង្ហាញឱ្យឃើញអំពីកម្ពុជាពិតគឺខុសពីកម្ពុជានៅលើសារដែលបង្ហោះតាមបណ្ដាញសង្គម សំដៅឈានទៅប្រឆាំងព័ត៌មានក្លែងក្លាយ។
នេះបើយោងតាមប្រសាសន៍របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសសំណេះសំណាល និងតម្រង់ទិសការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តប៉ៃលិន កាលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
នាឱកាសនោះ លោកថា នៅពេលដែលបច្ចេកវិទ្យាបញ្ញាសិម្បនិម្មិត (AI) កាន់តែរីកចម្រើនខ្លាំងនោះវិស័យព័ត៌មាន គឺជាអំណាចធំ ពីព្រោះសមរភូមិសារព័ត៌មាន និងសាធារណមតិកាន់តែស្រួចស្រាវ ហើយក៏ជាសមរភូមិដណ្តើមអំណាចគ្នាផងដែរ។
ត្រង់ចំណុចនេះហើយមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការផលិតព័ត៌មានឱ្យមានគុណភាព ចំណេះដឹង ព័ត៌មានពិត មានប្រភពច្បាស់លាស់ និងលឿនរហ័ស ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល និងអាជ្ញាធរ។
ត្រង់ចំណុចនេះត្រូវបានលោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មន្ត្រីព័ត៌មាន និងសាធារណមតិ ព្រមទាំងអ្នកពាក់ព័ន្ធយឺតយ៉ាវក្នុងការឆ្លើយតបចំពោះព័ត៌មានក្លែងក្លាយនេះ នឹងធ្វើឱ្យសង្គមមានជួបបញ្ហាដោយសារតែព័ត៌មានក្លែងក្លាយ។ ដូច្នេះ ត្រូវបន្តក្តាប់ឱ្យបានរាល់មតិសាធារណៈ ជាពិសេសឆ្លើយតបភ្លាមៗ ក្នុងករណីមានការចុះផ្សាយណាមួយខុសពីការពិត ដើម្បីឈានទៅលុបបំបាត់ និងចូលរួមក្នុងការប្រយុទ្ធប្រឆាំង ពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ។
បើតាមក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា មន្ទីរព័ត៌មានបានរៀបចំមន្រ្តីចំនួន៥រូប សម្រាប់ថា្នក់រាជធានីខេត្ត គឺបង្កើតឡើងឡើង ក្នុងការគោលដៅត្រួតពិនិត្យ តាមដានរាល់សកម្មភាព ផ្សព្វផ្សាយតាមបណ្តាញសង្គម និងបានអនុវត្តការងារផ្សាយបន្តតាមរយះបណ្ដាញផ្សព្វផ្សាយ សង្គមផ្លូវការរបស់មន្ទីរ ការិយាល័យចំណុះ និងគណនីហ្វេប៊ុក តិកតុកផ្ទាល់ខ្លួនរបស់មន្រ្តីរាជការផងដែរ ដើម្បីឆ្លើយតបបានទាន់ពេលវេលាក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ៕