ថាមពលអគ្គិសនី នៅតែដើរតួយ៉ាងសំខាន់ក្នុងពាណិជ្ជកម្មរបស់ឡាវ នៅឆ្នាំ២០២៤

អន្តរជាតិ

យោងតាមនាយកដ្ឋានពាណិជ្ជកម្មបរទេស បានបង្ហាញឲ្យដឹងថា ការនាំចេញថាមពលអគ្គិសនី បានបន្តក្លាយជាការបង្កើតប្រាក់ចំណូលដ៏ធំបំផុតនៅក្នុងពាណិជ្ជកម្មរបស់ប្រទេសឡាវ នៅក្នុងឆ្នាំ២០២៤ កន្លងទៅ​ ដោយបង្កើតបានជិត ៩៨០លានដុល្លារ ឬស្មើទៅនឹង ១៥,៣៥% នៃការនាំចេញសរុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសឡាវ សម្រាប់ឆ្នាំ២០២៤ សម្រេចបាន ១៦,៣៥ពាន់លានដុល្លារ ដោយ​ការ​នាំ​ចេញ​មាន​តម្លៃ ៨,១៤ពាន់​លាន​ដុល្លារ និង​ការ​នាំ​ចូល​មាន​តម្លៃ ៨,២១ ពាន់​លាន​ដុល្លារ​។ ចំនួននេះបណ្តាលឲ្យមានឱនភាពពាណិជ្ជកម្មប្រហែល ៦៤លានដុល្លារ។

ក្រៅ​ពីថាមពល​អគ្គិសនី ការ​នាំ​ចេញ​សំខាន់ៗរបស់ប្រទេសក្នុងតំបន់អាស៊ានមួយនេះ ​រួម​មាន អំបិល រ៉ែប៉ូតាស្យូម មាស ឧបករណ៍​អគ្គិសនី កៅស៊ូ និង​ក្រដាស ជាដើម ស្របពេលទីផ្សារនាំចេញសំខាន់ៗ គឺប្រទេសចិន ថៃ និងវៀតណាម ដែលរួមគ្នាមានចំនួនជាង ៨០% នៃការនាំចេញសរុបរបស់ប្រទេសឡាវ។

ទន្ទឹមនឹងនេះ ចំពោះ​ផ្នែក​នាំ​ចូលវិញ ទំនិញ​ចម្បងៗ​រួម​មាន​ប្រេង​ម៉ាស៊ូត គ្រឿង​ម៉ាស៊ីន និង​យានជំនិះ ក្នុងនោះប្រទេស​ថៃ និង​ចិន ជា​ដៃគូ​នាំ​ចូល​ធំ​ជាង​គេបំផុត។

ជម្រាបជូនផងដែរថា នៅក្នុងឆ្នាំ២០២៣ ការនាំចេញថាមពលអគ្គិសនី បានឈរនៅលំដាប់កំពូលក្នុងបញ្ជី ដែលរួមចំណែកបាន ២,៣៨ពាន់លានដុល្លារដល់ប្រាក់ចំណូលនាំចេញសរុបរបស់ប្រទេសឡាវ។ នេះបើតាមទិន្នន័យទទួលបានពីកាសែត Laotian Times៕