កំពូលតារាចម្រៀងប្រចាំកម្ពុជា លោកឧកញ៉ា ព្រាប សុវត្ថិ ប្រកាសទិញស្រូវពីកសិករចំនួន ៥០ តោន ជូនប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាត។
នៅរសៀលថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ នេះ លោកឧកញ៉ា ព្រាប សុវត្ថិ និង ភរិយា បានប្រកាសចូលរួមចំណែកទិញស្រូវពីប្រជាកសិករចំនួន ៥០ តោន ជូនប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាត ដើម្បីចូលរួមជួយបន្តផ្ដល់ស្នាមញញឹមដល់ប្រជាជនខ្មែរទាំងអស់។
តាមរយៈនេះ មានមហាជនអ្នកគាំទ្រជាច្រើន បានសម្ដែងការសាទរចំពោះទង្វើដ៏សប្បុរសរបស់ កំពូលតារាចម្រៀង លោកឧកញ៉ា ព្រាប សុវត្ថិ និង ភរិយា ដែលបានយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខប្រជាកសិករ ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលកំពុងជួបប្រឈមនឹងបញ្ហាជីវភាពខ្វះខាត។
កត់សម្គាល់ថា នេះមិនមែនជាលើកទី ១ ទេ ដែលកំពូលតារាចម្រៀង លោកឧកញ៉ា ព្រាប សុវត្ថិ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត។ ជារឿយៗ តារាចម្រៀងរូបនេះ តែងតែរួមចំណែកជួយតាមរយៈការជួយទិញ ឬ ជូនជាថវិកាតិចតួចដល់អ្នកដែលជួបការខ្វះខាតខ្លាំង។
កំពូលតារាចម្រៀងប្រចាំកម្ពុជា ឧកញ៉ា ព្រាប សុវត្ថិ ជាមនុស្សរួសរាយរាក់ទាក់ មិនឆ្មើងឆ្មៃ និងតែងតែរួមចំណែកជួយដល់សង្គមជាតិ តាមរយៈកម្មវិធីសប្បុរសធម៌នានា ឬ សកម្មភាពសប្បុរសតិចតួច ទាំងនេះ ជាហេតុធ្វើឲ្យមហាជនអ្នកគាំទ្រកាន់តែស្រលាញ់ពេញចិត្តលោកទ្វេឡើង៕