តម្លៃស្រូវនាពេលបច្ចប្បន្នមានការខុសគ្នារវាងប្រភេទពូជដោយមានស្រូវពូជខ្លះមានតម្លៃល្អ និងស្រូវពូជខ្លះតម្លៃមិនសូវបានល្អ ដោយស្រូវផ្ការំដួល ស្រូវសុម៉ាលី ស្រូវសែនក្រអូបមានតម្លៃល្អ ចាប់ពី ១២០០រៀលឡើងទៅ, តម្លៃស្រូវស្រងែស្រាលចន្លោះពីជាង ៩០០ ទៅ ១០០០ រៀលមួយគីឡូ។
ចំណែកស្រូវពូជ OM ៥៤៥១ ស្រូវ IR ជាដើមមានតម្លៃចន្លោះពី ៧៥០ ទៅ ៨២៥ រៀលមួយគីឡូ ជាតម្លៃមិនល្អបើធៀបទៅចុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤ តែប្រហាក់ប្រហែលតម្លៃកាលមុនឆ្នាំ ២០២៣។នេះបើតាមលោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក យ៉ង សាំងកុមារ បានឱ្យដឹងថា មូលហេតុនៃបម្រែបម្រួលតម្លៃស្រូវពូជ OM ស្រូវ IR និងស្រូវអង្ករសធម្មតាមួយចំនួនទៀត ព្រោះនៅខែកក្កដា ២០២៣ ឥណ្ឌាជាប្រទេសដែលនាំអង្ករចេញធំជាងគេលើពិភពលោក (ប្រមាណជាង ២០ លានតោនមួយឆ្នាំ) បានផ្អាកការនាំអង្ករសធម្មតាដែលគុណភាពប្រហែលពូជស្រូវ OM និង IR ដោយសារការបារម្ភណ៍ពីសន្តិសុខស្បៀងក្នុងប្រទេស។
ការផ្អាកការនាំចេញនេះបាននាំឱ្យនៅលើទីផ្សារពិភពលោកខ្វះអង្ករដែលជាស្បៀងសំខាន់សម្រាប់ ៥០% នៃប្រជាជនលើពិភពលោក។កត្តានេះបានធ្វើឱ្យតម្លៃអង្ករបាយសធម្មតាឡើងថ្លៃខុសធម្មតាមិនធ្លាប់មាន គឺឡើងរហូតដល់ជាង ៦០០ដុល្លារ ក្នុងមួយតោនដែលតាមធម្មតា តម្លៃជាមធ្យមតែជាង ៤០០ដុល្លារ ក្នុងមួយតោន ឬជួនកាលធ្លាក់មកក្រោម ៤០០ដុល្លារ ក្នុងមួយតោន។
លោកបន្តថា តម្លៃអង្ករសធម្មតា (FOB បាក់ ៥%) នាំចេញដោយវៀតណាមបានឡើងថ្លៃចាប់ពីខែកក្កដា ២០២៣ គឺនៅពេលឥណ្ឌាផ្អាកការនាំចេញ និងឡើងដល់ជាង ៦៣០ដុល្លារនៅខែធ្នូ ២០២៣។
ក្រោយខែកញ្ញា ២០២៤ នៅពេលឥណ្ឌាចាប់ផ្តើមបើកការនាំចេញ តម្លៃអង្ករសនាំចេញដោយវៀតណាមបានធ្លាក់ចុះយ៉ាងលឿនមកនៅក្រោម ៥០០ ដុល្លារមួយតោន ហើយបន្តធ្លាក់ខ្លាំងនៅខែមករា ២០២៥។នៅដើមខែមករា ២០២៥ តម្លៃអង្ករសធ្លាក់មកនៅត្រឹមតែ ៤៣០ដុល្លារក្នុងមួយតោន តែនៅខ្ពស់ជាងនៅខែមករា ២០២២ (៣៩៦ដុល្លារ ក្នុងមួយតោន)។
សូមបញ្ជាក់ថា ខណៈពេលដែល តម្លៃស្រូវកំពុងតែប្រែប្រួលធ្លាក់ចុះនោះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈធនាគារអភិវឌ្ឍជនបទ និងកសិកម្ម (ARDB) ក៏បានសម្រេចទម្លាក់ថវិការចំនួន៣០លានដុល្លារអាម៉េរិកបន្ថែមទៀត ដើម្បីផ្តល់ជាទុនវិនិយោគដល់រោងម៉ាស៊ីន ក្នុងការទិញស្រូវពីកសិករ ដែលធ្វើឱ្យចំនួនថវិកា ដែលបានបញ្ចេញសរុបលើវិស័យស្រូវអង្ករនេះ កើនឡើងដល់ជាង២០០លានដុល្លារអាម៉េរិក៕