គណៈកម្មការមូលបត្រអាមេរិក (SEC) បានប្តឹងមហាសេដ្ឋី លោក Elon Musk កាលពីថ្ងៃទី១៤ ខែមករា ដោយចោទប្រកាន់ស្ថាបនិកក្រុមហ៊ុន Tesla រូបនេះថា មានភាពយឺតយ៉ាវក្នុងការបង្ហាញភាពជាម្ចាស់ភាគហ៊ុនរបស់ Twitter មុនពេលលោកទិញយកវេទិកាបណ្តាញសង្គមនេះ នៅក្នុងឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
នៅក្នុងពាក្យបណ្តឹងមួយដែលដាក់នៅតុលាការសហព័ន្ធនៅទីក្រុងវ៉ាស៊ីនតោន SEC បាននិយាយថា លោក Musk បានបំពានច្បាប់ស្តីពីមូលបត្រសហព័ន្ធ ជាមួយនឹងការពន្យារពេលរហូតដល់ទៅ ១១ថ្ងៃដើម្បីបង្ហាញពីភាគហ៊ុនដែលលោកបានកាន់កាន់នៅក្នុង Twitter ដែលឥឡូវត្រូវបានប្តូរឈ្មោះទៅជា X។ នៅក្រោមច្បាប់របស់ SEC អ្នកវិនិយោគត្រូវតែបង្ហាញពីប្រតិបត្តិការទិញភាគហ៊ុនរបស់ពួកគេក្នុងរយៈពេលយ៉ាងតិច ១០ថ្ងៃ។
ទន្ទឹមនឹងនេះ SEC បានចោទប្រកាន់ថាលោក Musk ទៀតថា ការពន្យារពេលក្នុងការបង្ហាញព័ត៌មាននេះ បានអនុញ្ញាតឲ្យលោកបន្តទិញយកភាគហ៊ុនក្នុង Twitter បន្ថែមជាមួយនឹងការបញ្ចុះតម្លៃជាច្រើន និងបានបណ្តាលឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អាមេរិកយ៉ាងខ្លាំង។
រម្លឹកផងដែរថា នៅខែតុលា ឆ្នាំ២០២២ លោក Musk បានទិញយកបណ្តាញសង្គម Twitter ក្នុងតម្លៃសរុបប្រមាណ ៤៤ពាន់លានដុល្លារ ហើយប្តូរឈ្មោះវាទៅជា X វិញ។
គួរឲ្យដឹងថានេះមិនមែនជាបណ្តឹងដែលទាក់ទងនឹង Twitter តែមួយគត់ដែលលោក Musk កំពុងប្រឈមមុខនៅពេលនេះនោះទេ ដោយកន្លងមក មហាសេដ្ឋីរូបនេះ ក៏ត្រូវបានប្តឹងនៅក្នុងទីក្រុង Manhattan ដោយម្ចាស់ភាគហ៊ុន Twitter ផងដែរ សម្រាប់ការពន្យារពេលចំពោះការបង្ហាញព័ត៌មាននេះដូចគ្នា។
ជម្រាបជូនថា យោងតាមរបាយការណ៍ពី Forbes បានបង្ហាញឲ្យដឹងថា បច្ចុប្បន្ននេះ លោក Musk គឺជាមហាសេដ្ឋីដែលមានជាងគេលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ៤១៧ពាន់លានដុល្លារអាមេរិក។ លោកបានកាន់កាប់ក្រុមហ៊ុនធំៗជាច្រើន រួមទាំងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ក្រុមហ៊ុនបណ្តាញសង្គម X ក្រុមហ៊ុនអវកាស SpaceX និងក្រុមហ៊ុនបង្កើតបញ្ញាសិប្បនិម្មិត xAI ផងដែរ៕