មហាសេដ្ឋីមានបំផុតរបស់វៀតណាម លោក Pham Nhat Vuong និងភរិយាលោកស្រី Pham Thu Huong កាលពីថ្ងៃពុធកន្លងទៅ បានចូលរួមពិធីភ្ជាប់ពាក្យកូនប្រុសរបស់ខ្លួន គឺលោក Pham Nhat Minh Hoang ជាមួយអ្នកនាង Nguyen Phuong Nhi ដែលជាបវរកញ្ញាពិភពលោកជាប់ចំណាត់ថ្នាក់លេខ២ របស់វៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
លោក Vuong និងលោកស្រី Huong បានមកដល់ផ្ទះរបស់អ្នកនាង Phuong Nhi នៅទីក្រុង Thanh Hoa ភាគខាងជើងប្រទេសវៀតណាម ដែលជាកន្លែងរៀបចំពិធីភ្ជាប់ពាក្យយ៉ាងអធិកអធមបំផុត។
ពិធីនេះធ្វើឡើងមានរយៈពេលប្រហែលមួយម៉ោង បន្ទាប់មកក្រុមគ្រួសារខាងកូនកំលោះបានត្រលប់ទៅវិញ ក្រោមការការពារយ៉ាងតឹងរ៉ឹងពីសំណាក់សន្តិសុខ។ ក្រោយមកអ្នកនាង Phuong Nhi ក៏បានធ្វើដំណើរទៅកាន់ផ្ទះខាងគូដណ្តឹងរបស់នាង នៅទីក្រុងហាណូយវិញផងដែរ។ យ៉ាងណាក៏ដោយជុំវិញព័ត៌មានលម្អិតអំពីពិធីមង្គលការរបស់គូស្នេហ៍មួយគូនេះ នៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ។
គួរឲ្យដឹងផងដែរថា គិតត្រឹមថ្ងៃពុធ ទ្រព្យសម្បត្តិសរុបរបស់លោក Vuong ដែលជាម្ចាស់ក្រុមហ៊ុនអាជីវកម្ម VinGroup មានចំនួន ៤,១ពាន់លានដុល្លារអាមេរិក និងត្រូវបានចាត់ថាជាអ្នកមានដាច់គេ នៅក្នុងប្រទេសវៀតណាម។ ដោយដែល លោក Pham Nhat Minh Hoang វ័យ ២៥ឆ្នាំ ដែលជាកូនប្រុសរបស់លោក បច្ចុប្បន្នមានតួនាទីជាប្រធានក្រុមហ៊ុនផលិតរថយន្តដែលជាផ្នែកមួយនៃ VinGroup ផងដែរ៕