កូរ៉េខាងត្បូង កំពុងពិចារណាទិញចូលប្រេង និងឧស្ម័នរបស់អាមេរិកបន្ថែមទៀត

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក Ahn Duk-geun បាននិយាយកាលនៅថ្ងៃព្រហស្បតិ៍​ទី១៦ ខែមករានេះថា ប្រទេសកូរ៉េខាងត្បូង ចាប់អារម្មណ៍ក្នុងការនាំចូលប្រេង និងឧស្ម័នរបស់សហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីធ្វើចម្រុះកម្មលើប្រភពថាមពល និងធានានូវការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព បន្ទាប់ពីមានការរឹតបន្តឹងខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមកការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការអត្ថាធិប្បាយរបស់លោក Ahn Duk-geun នេះ ត្រូវបានធ្វើឡើងនៅពេលដែលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដែលគ្រោងនឹងស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា បានប្តេជ្ញាថានឹងដាក់ពន្ធបន្ថែម ១០% លើទំនិញនៅទូទាំងពិភពលោកទៅកាន់សហរដ្ឋអាមេរិក។ លោកបាននិយាយទៀតថា សហភាពអឺរ៉ុប គួរតែបង្កើនការនាំចូលប្រេង និងឧស្ម័នរបស់សហរដ្ឋអាមេរិក ឬមួយត្រូវប្រឈមមុខនឹងការដំឡើងពន្ធលើការនាំចេញរបស់ពួកគេ រួមទាំងទំនិញដូចជារថយន្ត និងគ្រឿងម៉ាស៊ីនជាដើម។

គួរឲ្យដឹងថា កូរ៉េខាងត្បូងបានបង្កើនការពឹងផ្អែកលើការនាំចូលប្រេងឆៅពីតំបន់មជ្ឈិមបូព៌ាច្រើនបំផុត ក្នុងរយ:ពេលចុងក្រោយនេះ​ ដែលមានចំនួនដល់ទៅ ៧២% នៃការនាំចូលសរុបក្នុងឆ្នាំ២០២៣ ពោលគឺបានកើនឡើងពី ៦០% ក្នុងឆ្នាំ២០២១។ នេះបើយោងតាមទិន្នន័យទទួលបានពីក្រសួងថាមពល។

យោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគ Kpler បានបង្ហាញឲ្យដឹងទៀតថា ចំពោះការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ប្រទេសកូរ៉េខាងត្បូង ក៏បានកើនឡើងច្រើនឡើងផងដែរ ដល់ចំនួន ៤៧,២ លានតោនក្នុងឆ្នាំ២០២៤ ដោយក្នុងនោះ ៥,៧ លានតោន គឺត្រូវបានទិញចូលពីសហរដ្ឋអាមេរិក។

ជម្រាបជូនផងដែរថា សហរដ្ឋអាមេរិកគឺជាអ្នកនាំចេញឧស្ម័ន LNG កំពូលរបស់ពិភពលោក។ បើតាមប្រភពជាច្រើនបាននិយាយថា លោក ត្រាំ គ្រោងនឹងធ្វើឲ្យវាកាន់តែមានភាពងាយស្រួលសម្រាប់អ្នកផលិតឧស្ម័ន LNG មួយចំនួនសម្រាប់ការនាំចេញ ហើយនៅក្នុងនាមជាប្រធានាធតិបតីអាមេរិកអាណត្តិថ្មី លោកក៏បានប្តេជ្ញាក្នុងការពង្រីកផលិតកម្មថាមពលក្នុងស្រុកបន្ថែមទៀត រួមទាំងឧស្ម័ន LNG ផងដែរ៕