អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ តំណាង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក ដេវីដ វឺប្យូសស្គី ជាភារធារី និងលោក ម៉ែន ប៊ុនឡេង ជាប្រតិភូពាណិជ្ជកម្ម នៃការិយាល័យស្ថានទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្នាក់ការសមាគមឧកញ៉ាកម្ពុជា នាសណ្ឋាគារភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
តាមសមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នទាំងពីរ និងពិភាក្សាលើកិច្ចសហការក្នុងការត្រៀមរៀបចំទទួលប្រតិភូធុរកិច្ចកាណាដា ដែលគ្រោងនឹងបំពេញទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០២៥ នាពេលខាងមុខ។
អ្នកឧកញ៉ាអគ្គលេខាធិការ បានសម្តែងការស្វាគមន៍ចំពោះលោកភារធារី និងលោកប្រតិភូពាណិជ្ជកម្ម និងបានជម្រាបជូនអំពីចក្ខុវិស័យ បេសកកម្ម និងសកម្មភាពសំខាន់ៗរបស់សមាគម ដែលជាដៃគូមួយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញលើកកម្ពស់សេដ្ឋកិច្ច សកម្មភាពពាណិជ្ជកម្មនិងការវិនិយោគ ព្រមទាំងសកម្មភាពផ្សេងៗទៀត ដើម្បីជាឧត្ដមប្រយោជន៍សង្គមជាតិ។
លើសពីនេះ អ្នកឧកញ៉ាអគ្គលេខាធិការ ក៏បានជម្រាបជូនអំពីបេសកកម្មជំរុញ និងទាក់ទាញវិនិយោគដឹកនាំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់បណ្ដាប្រទេសនានា ដែលប្រតិភូសមាគមបានចូលរួមនាពេលកន្លងមក ក្នុងនោះក៏មានទស្សនកិច្ចទៅកាន់ប្រទេសកាណាដាផងដែរ ដោយទទួលបានជោគជ័យ និងលទ្ធផលផ្លែផ្កាជាវិជ្ជមាន។
លោកភារធារី ដេវីដ វឺប្យូសស្គី បានវាយតម្លៃខ្ពស់នូវតួនាទីដ៏សំខាន់របស់សមាគម ដែលជាបណ្ដុំនៃធុរជន និងវិនិយោគិនមកពីពហុវិស័យ និងជាកម្លាំងចលករមួយរួមចំណែកដល់ការជំរុញសកម្មភាពពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងជំនួបនេះ លោកភារធារី បានជម្រាបជូនអំពីគម្រោងដឹកនាំប្រតិភូធុរកិច្ចកាណា ប្រមាណ ៨០ក្រុមហ៊ុន ដែលមានបំណងស្វែងរកដៃគូ និងដាក់ទុនវិនិយោគនៅកម្ពុជា និងបានស្នើសុំការគាំទ្រ និងកិច្ចសហការពីសមាគមឧកញ៉ាកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ធុរកិច្ចនានា ដើម្បីផ្ដល់នូវឱកាសធុរកិច្ចដល់ធុរជននៃប្រទេសទាំងពីរធ្វើការតភ្ជាប់ទំនាក់ទំនងទៅវិញទៅមក។
ជាលទ្ធផលនៃជំនួបនេះ សមាគមឧកញ៉ាកម្ពុជា និងប្រតិភូពាណិជ្ជកម្ម នៃការិយាល័យស្ថានទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្ដីរីករាយក្នុងការផ្ដល់កិច្ចសហការនិងការគាំទ្រលើការរៀបចំឱ្យមានព្រឹត្តិការណ៍ធុរកិច្ចជាមួយគ្នា និងរៀបចំជាក្រុមការងារ សម្រាប់ជាយន្តការសម្របសម្រួលការងារនេះឱ្យបានជោគជ័យផងដែរ៕