លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានជំរុញលើកទឹកចិត្តឱ្យអ្នកបង់រំលស់ផ្ទះទាំងអស់ គួរពិចារណាផ្ទេរការបង់រំលស់ពីតាមរយៈបុរីផ្ទាល់ ឬក្រុមហ៊ុនអចលនទ្រព្យ ទៅបង់រំលស់ជាមួយធនាគារវិញ ព្រោះអាចចំណេញការប្រាក់ច្រើន ដល់ទៅ ១ភាគ៣ ឯណោះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ និងបើកលក់ជាផ្លូវការ “គម្រោងទី១៧ បុរី វិមានភ្នំពេញ ផាឡេស” ដែលប្រារព្ធឡើងកាលពីព្រឹកមិញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប យល់ឃើញថា ការផ្ទេរពីបង់រំលស់តាមរយៈបុរី ឬក្រុមហ៊ុនអចលនទ្រព្យ ទៅបង់តាមរយៈធនាគារ គឺទទួលបានផលចំណេញទាំងអស់គ្នា។
លោកអ្នកឧកញ៉ា លី ហួរ បានបញ្ជាក់បែបនេះថា៖ “ចំណុចនេះ ជាចំណុចល្អប្រសើរ ទាំងអ្នកទិញផ្ទះ ទាំងអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យទាំងអស់។ អ្នកទិញផ្ទះពីមុន គាត់បង់ថ្លៃផ្ទះមានអត្រាការប្រាក់ខ្ពស់ បើយើងធៀបពីមុន មកដល់បច្ចុប្បន្នគឺខុសគ្នា ១ភាគ៣ ពីមុនអត្រាការប្រាក់យ៉ាងទាបក៏ ១២% ឡើង លើវិស័យអចលនទ្រព្យ ប៉ុន្តែបច្ចុប្បន្នរាជរដ្ឋាភិបាល បានកំណត់ឱ្យចុះអត្រាការប្រាក់ ហើយជំរុញឱ្យអ្នកអភិវឌ្ឍន៍ផ្ទេរកម្ចីទាំងអស់នោះ ទៅធនាគារ និងតម្រូវឱ្យអតិជនបង់ត្រឹម ៨% ទេ ដូច្នេះឃើញថា ពិតជាជួយបានច្រើនមែនទែន។ ទាំងអស់នេះ គឺជាចលករមួយ ដើម្បីជួយជំរុញឱ្យវិស័យអចលនទ្រព្យប្រសើរឡើងវិញ”។
គួររំឭកថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិគ្រោះពិភាក្សាការងារជាមួយលោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា តំណាងជាតិនៃកម្ពុជា និងតំណាងធនាគារធំៗនៅកម្ពុជាជាច្រើន ក្នុងគោលបំណងស្វែងរកការឯកភាពលើគោលការណ៍មួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមនៃវិស័យលំនៅឋាន និងអចលនទ្រព្យ ដែលកំពុងមាន ជាពិសេសជួយសម្រួលបន្ទុកហិរញ្ញវត្ថុ ដែលជាកាតព្វកិច្ចក្នុងការទិញ-លក់លំនៅឋាន របស់បងប្អូនប្រជាពលរដ្ឋ។
ជាលទ្ធផល តំណាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុដែលបានចូលរួមក្នុងកិច្ចពិភាក្សា បានគាំទ្រលើគោលការណ៍នេះ និងឯកភាពថា៖
១.គាំទ្រគំនិតផ្តួចផ្តើម ក្នុងការបន្ធូរបន្ថយការប្រាក់លើកម្ចីសម្រាប់ការអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យ មកត្រឹម ៨% ក្នុងមួយឆ្នាំ ដែលអត្រាការប្រាក់ថ្មីនេះ នឹងផ្តល់ឱ្យអតិថិជន ទិញលំនៅឋាននូវលទ្ធភាពអនុវត្តកាតព្វកិច្ចសងត្រឡប់ កាន់តែមានភាពងាយស្រួល ដែលនឹងផ្តល់ឱ្យអតិថិជនក៏ដូចជា ស្ថាប័នហិរញ្ញវត្ថុ បន្តដំណើរការទូទាត់កាន់តែមានសុវត្ថិភាព និងងាយស្រួល។
២.កម្ចីដែលមានការប្រាក់ទាបលើវិស័យអចលនទ្រព្យ នឹងកាត់បន្ថយវិវាទ ដែលកើតឡើង ដោយសារអតិថិជនគ្មានលទ្ធភាពបំពេញកាតព្វកិច្ច ហើយការអនុវត្តគោលការណ៍ នឹងឈានទៅបញ្ចប់វិវាទបុរី ក៏ដូចជាការបើកទំព័រថ្មី សម្រាប់ការងើបឡើងនូវវិស័យអចលនទ្រព្យ និងការទិញលក់លំនៅឋាន៕