កម្ពុជា-អ៊ីរ៉ង់ ឯកភាពគ្នា ជំរុញឱ្យមានជំនួបផ្លាស់ប្ដូរធុរកិច្ចរវាងវិស័យឯកជនក្នុងវិស័យទេសចរណ៍

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងទេសចរណ៍កម្ពុជា និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានឯកភាពគ្នា ជំរុញឱ្យជំនួបផ្លាស់ប្ដូរធុរកិច្ចរវាងវិស័យឯកជនក្នុងវិស័យទេសចរណ៍ទ្វេភាគី ដើម្បីជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទាក់ទាញកំណើនទេសចរណ៍នៃប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការឯកភាពនេះ បានធ្វើឡើនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក រដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ជាមួយ លោក Ali Akbar NAZARI ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

កិច្ចពិភាក្សា រវាង លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា-អ៊ីរ៉ង់ និងជំរុញការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជាជាមួយជាមួយក្រសួងបេតិកភណ្ឌវប្បធម៌ ទេសចរណ៍ និងសិប្បកម្មអ៊ីរ៉ង់។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានឯកភាព លើការលើកឡើងពីការជំរុញឱ្យមានទស្សនកិច្ចសិក្សា (FAM Trip) ជំរុញជំនួបផ្លាស់ប្ដូរធុរកិច្ចរវាងវិស័យឯកជនក្នុងវិស័យទេសចរណ៍ ក៏ដូចជាសមាគមទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយ និងការទិញលក់កញ្ចប់ទស្សនកិច្ចឱ្យបានកាន់តែច្រើនឡើង ជាពិសេសជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-អ៊ីរ៉ង់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងភ្ញៀវទេសចរអ៊ីរ៉ង់ដែលត្រូវការទៅមកប្រទេសទាំងពីរ។

សូមបញ្ជាក់ដែរថា ក្នុងឆ្នាំ ២០២៤ កន្លងទៅនេះ កម្ពុជា បានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៦,៧ លាននាក់ កើនឡើង ២៣ ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដោយក្នុងនោះ ភ្ញៀវទេសចរពេញនិយមបំផុតគឺមកពីប្រទេសថៃ វៀតណាម ចិន ឡាវ និងសហរដ្ឋអាមេរិក ព្រមទាំងប្រទេសផ្សេងទៀតក្នុងទ្វីបអឺរ៉ុប។នេះបើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥។

ក្រសួងទេសចរណ៍ រំពឹងថា តាមរយៈកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ជាមួយបណ្តាប្រទេសនានា នឹងជួយវិស័យនេះឱ្យមានកំណើនថែមទៀត៕ អត្ថបទ៖ ហ្សាលីន