អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន WorldBridge Group បានដាក់ក្ដីរំពឹងថា នៅក្នុងឆ្នាំ២០២៥នេះ កម្ពុជានឹងមានកំណើននៃការសាងសង់រោងចក្រ និងឃ្លាំងកាន់តែច្រើនបន្ថែមទៀត ក្រោយចិន និងសហរដ្ឋអាមេរិច មានទំនាស់ពាណិជ្ជកម្មជាមួយគ្នា ស្របពេលដែលលោកដូណាល់ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតី។
អ្នកឧកញ៉ា សៀ ឬទ្ធី បានលើកឡើងថា ទំនាស់ពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិចនឹងកើតឡើងយ៉ាងធ្ងន់ធរ ហើយវិនិយោគគិនដែលបណ្ដាក់ទុនវិនិយោគក្នុងប្រទេសចិន នឹងដកខ្លួនចេញ ហើយពិចារណាដាក់វិនិយោគក្នុងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍។
ជាមួយនឹងបញ្ហានេះ អ្នកឧកញ៉ា សៀ ឬទ្ធី រំពឹងថា ប្រទេសទី១ ដែលវិនិយោគិនទាំងនោះនឹងចាប់អារម្មណ៍ដាក់ទុនវិនិយោគ គឺប្រទេសកម្ពុជា។
ទន្ទឹមនឹងការបោះទុនវិនិយោគ អ្នកឧកញ៉ា សៀ ឬទ្ធី ក៏បានរំឮកពីវិបត្ដិដែលប្រទេសកម្ពុជា និងប្រទេសនៅលើពិភពលោកបាននិងកំពុងជួបប្រទះ គឺវិបត្ដិសេដ្ឋកិច្ច ដែលវិបត្ដិនេះកើតឡើងក្រោយពីមានជំងឺកូវិដ-១៩។ ដោយសារវិបត្ដិនេះ វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងឈរនឹង មិនមានការប្រែប្រួល ប៉ុន្ដែនៅក្នុងរង្វង់២ ទៅ៣ឆ្នាំទៀត វិស័យមួយនេះនឹងរីកចម្រើនកាន់តែខ្លាំងឡើងវិញ។
សូមជម្រាបជូនថា អ្នកឧកញ៉ា សៀ ឬទ្ធី មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ សម្រាប់វិស័យធុរកិច្ច អ្នកឧកញ៉ា សៀ ឬទ្ធី គឺជាអ្នកជំនួញពោរពេញដោយបទពិសោធន៍ និងចក្ខុវិស័យវែងឆ្ងាយមួយរូបនៅកម្ពុជា ដែលបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីឆ្នាំ១៩៩២ ។
បច្ចុប្បន្ន ក្រុមហ៊ុន WorldBridge Group របស់ អ្នកឧកញ៉ា មានក្រុមហ៊ុន ជាបុត្រសម្ព័ន្ធ ប្រមាណ ៣០ ដែលបាននឹងកំពុងវិនិយោគក្នុងវិស័យសំខាន់ៗជាច្រើន ដូចជា៖ វិស័យអភិវឌ្ឍន៍អចលនទ្រព្យ, វិស័យភស្តុភារ, វិស័យហិរញ្ញវត្ថុ , ប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថល, វិស័យឧស្សាហកម្ម, វិស័យសុខាភិបាល, វិស័យពាណិជ្ជកម្ម, វិស័យសណ្ឋាគារនិងបដិសណ្ឋារកិច្ច, សេវាកម្មផ្គត់ផ្គង់ម្ហូបអាហារ និងសេវាកម្មសម្អាត រួមទាំងវិស័យផ្សេងៗជាច្រើនទៀត៕