រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើបណ្តាអ្នកធុរកិច្ចវិនិយោគនិងអភិវឌ្ឍបន្ថែមលើផ្នែកនិងសេវាសក្តានុពលចំនួន៧

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី  ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញ និងស្នើក្រុមហ៊ុនវិនិយោគ អ្នកធុរកិច្ចនានា ឱ្យចាប់យកឱកាសនេះ ដើម្បីចូលរួមវិនិយោគ និងអភិវឌ្ឍបន្ថែម លើផ្នែកនិងសេវាសក្តានុពលនៅកម្ពុជា សំខាន់ៗចំនួន៧ ដើម្បីរួមគ្នាជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជំរុញរបស់ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដូច្នេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការរថយន្តអគ្គិសនីទំនើបម៉ាក AION V និង HYPTEC HT ដោយក្រុមហ៊ុន H.H AUTO PRESTIGE CO., LTD កាលពីចុងសប្តាហ៍។

នាឱកាសនោះ លោកស្រី ក៏បានលើកទឹកចិត្តដល់វិស័យឯកជន ក្រុមហ៊ុនវិនិយោគ ធុរកិច្ច សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងតួអង្គពាក់ព័ន្ធទាំងអស់ ឱ្យចាប់យកឱកាសនេះ ដើម្បីចូលរួមវិនិយោគ និងអភិវឌ្ឍបន្ថែម លើផ្នែកនិងសេវាសក្តានុពល ពាក់ព័ន្ធជាច្រើនទៀត រួមមាន៖ ១. ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ២. ការផ្គត់ផ្គង់ថាមពលអគ្គិសនីដោយថាមពលកកើតទ្បើងវិញ ៣. ការធានាបាននូវស្តង់ដារគុណភាព និងការធានាបាននូវសេវាថែទាំ ជួសជុល និងសេវាពាក់ព័ន្ធដទៃទៀត ៤. ការការពារបរិស្ថាន (៥). ការអភិវឌ្ឍជំនាញក្នុងវិស័យយានយន្តអគ្គិសនី ៦. ការបង្កើតនូវមូលដ្ឋានផ្គត់ផ្គង់គ្រឿងបង្គុំ/គ្រឿងបន្លាស់ដែលមានគុណភាព និងតម្លៃសមរម្យ ក្នុងស្រុកសម្រាប់ផ្គត់ផ្គង់តម្រូវការ ស្របតាមការនិន្នាការកើនទ្បើងនៃការប្រើបាស់រថយន្តអគ្គិសនី, និង ៧. ការគិតគូរដល់ការវិនិយោគលើរោងចក្រដំទ្បើងយានយន្តអគ្គិសនីនៅកម្ពុជា។

គួរបញ្ជាក់ដែរថា ក្រសួងពាណិជ្ជកម្ម ក៏បានចាត់ថា តួនាទីដ៏សំខាន់របស់វិស័យឯកជន និងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ជាពិសេសក្រុមហ៊ុនវិនិយោគ ធុរកិច្ច សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងតួអង្គពាក់ព័ន្ធដទៃទៀត គឺពិតជាមិនអាចខ្វះបានក្នុងការចូលរួមអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តនានារបស់រាជដ្ឋាភិបាល ជាពិសេសយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ សំដៅរុញច្រានកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕ អត្ថបទ៖ ហ្សាលីន