ការបិទ TikTok អាចនឹងធ្វើឲ្យអាជីវកម្មខ្នាតតូចអាមេរិកខាតបង់ជាង ១ពាន់លានដុល្លារក្នុង ១ខែ

អន្តរជាតិ

ក្រុមហ៊ុន TikTok បានធ្វើការព្រមានថា អាជីវកម្មខ្នាតតូច និងអ្នកបង្កើត​មាតិកា​របស់សហរដ្ឋអាមេរិក អា​ចនឹងបាត់បង់ប្រាក់ចំណូលប្រមាណ ១,៣ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែមួយខែ ប្រសិនបើកម្មវិធីកម្សាន្តដ៏ពេញនិយមនេះ ត្រូវបិទទាំងស្រុងនៅទឹកដីសហរដ្ឋអាមេរិកនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានបិទដំណើរការកម្មវិធី TikTok នៅទឹកដីប្រទេសរបស់ខ្លួន បន្ទាប់ពីច្បាប់ហាមឃាត់មួយដែលត្រូវបានចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានចូលជាធរមានកាលពីថ្ងៃអាទិត្យ ទី១៩ ខែមករាកន្លងទៅ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រោយពីទទួលបានការអន្តរាគមន៍ដោយប្រធានាធិបតីជាប់ឆ្នោតអាណត្តិថ្មី លោក ដូណាល់ ត្រាំ កម្មវិធី TikTok ត្រូវបានមើលឃើញថាបានបើកដំណើរការឡើងវិញហើយ គិតនៅត្រឹមថ្ងៃចន្ទនេះ។

ជុំវិញបញ្ហានេះ លោក Blake Chandlee ប្រធានដំណោះស្រាយធុរកិច្ចសកលរបស់ក្រុមហ៊ុន TikTok ធ្លាប់បាននិយាយថា ប្រសិនបើ TikTok ត្រូវបានបិទទាំងស្រុងនៅសហរដ្ឋអាមេរិក ក្នុងខែមករានេះនោះ អាជីវកម្មខ្នាតតូចរបស់អាមេរិក នឹងបាត់បង់ប្រាក់ចំណូលច្រើនជាង ១ពាន់លានដុល្លារ បើទោះបីជាការហាមឃាត់នេះ ត្រូវបានលុបចោលវិញ ក្រោយរយ:ពេលត្រឹមតែមួយខែក៏ដោយ។

លោក Chandlee បានសង្កត់ធ្ងន់ទៀតថា អ្នកបង្កើតមាតិកាប្រហែលជិត ២លាននាក់នៅសហរដ្ឋអាមេរិក នឹងទទួលរងការបាត់បង់ប្រាក់ចំណូលជិត ៣០០លានដុល្លារ ហើយ TikTok ខ្លួនឯងផ្ទាល់ ក៏នឹងត្រូវបាត់បង់ ២៩% នៃប្រាក់ចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្មសកលរបស់ខ្លួន ផងដែរ។

លោក Chandlee បាននិយាយទៀតថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ គណនីអាមេរិកជាង ៧ លានគណនីបានប្រើប្រាស់ TikTok ដើម្បីធ្វើអាជីវកម្ម។ ហើយ ៦៩% នៃអាជីវកម្មទាំងនេះនិយាយថាការប្រើប្រាស់ TikTok បានជួយបង្កើនការលក់សម្រាប់អាជីវកម្មរបស់ពួកគេ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

មិនតែប៉ុណ្ណោះ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការធ្វើទីផ្សារ នៅលើ TikTok របស់អាជីវកម្មទាំងនោះ បានរួមចំណែកដល់ទៅ ២៤,២ពាន់លានដុល្លារ ដល់ផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៣ ជាមួយនឹងប្រតិបត្តិការផ្ទាល់របស់ TikTok ក៏បានបន្ថែមទឹកប្រាក់ ៨,៥ពាន់លានដុល្លារផ្សេងទៀត ដល់ GDP របស់សហរដ្ឋអាមេរិក ផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក Chandlee ៕