រៀងរាល់មួយសប្តាហ៍ ជាមធ្យមមនុស្ស ៤នាក់នៅជុំវិញពិភពលោក ក្លាយជាមហាសេដ្ឋីថ្មី ក្នុងឆ្នាំ២០២៤

អន្តរជាតិ

ទ្រព្យសម្បត្តិមហាសេដ្ឋីសរុបលើពិភពលោក ត្រូវបានរាយការណ៍ថា បានកើនឡើងដល់ទៅ ២ទ្រីលានដុល្លារ នៅក្នុងឆ្នាំ២០២៤ ឬស្មើនឹងការកើនឡើង ៥,៧ពាន់លានដុល្លារក្នុងមួយថ្ងៃ។ អត្រានៃការកើនឡើងនេះ គឺលឿនជាងបីដង បើធៀបទៅនឹងឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្ន័យពីស្ថាប័នអន្តរជាតិ Oxfam បានបង្ហាញឲ្យដឹងថា ជា​មធ្យម​មានមនុស្ស ៤នាក់ នៅជុំវិញពិភពលោក បានក្លាយជាមហាសេដ្ឋីថ្មីៗរៀងរាល់មួយសប្តាហ៍ ដែលនេះធ្វើឲ្យចំនួនមហាសេដ្ឋីថ្មីៗកើនឡើងចំនួន ២០៤ នាក់បន្ថែមទៀត ក្នុងឆ្នាំ២០២៤ (មហាសេដ្ឋីសរុបមានចំនួន ២៧៦៩នាក់ ក្នុងឆ្នាំ២០២៤ កើនឡើងពីចំនួន ២៥៦៤ នាក់ ក្នុងឆ្នាំ២០២៣)។

ដោយឡែកចំពោះអ្នកមានដាច់គេបំផុតទាំង ១០របស់ពិភពលោក ត្រូវបានមើលឃើញថាទ្រព្យសម្បត្តិរបស់ពួកគេ បានកើនឡើងជាមធ្យមជិត ១០០លានដុល្លារក្នុងមួយថ្ងៃ។ ហើយប្រសិនបើមានមហាសេដ្ឋីណាម្នាក់ ក្នុងចំណោម១០រូបនោះ បាត់បង់ទ្រព្យសម្បត្តិ ៩៩% របស់ខ្លួនក៏ដោយ ក៏ពួកគេនៅតែជាមហាសេដ្ឋីដដែល។

ប្រភពដដែលនេះ ក៏បានព្យាករទៀតផងដែរថា តាមរយ:កំណើនបច្ចុប្បន្ន មហាសេដ្ឋីលុយទ្រីលានដុល្លារដំបូងគេបង្អស់ចំនួន ៥ នាក់ អាចនឹងលេចវត្តមានឡើងនៅក្នុងឆ្នាំ២០៣៤ ខាងមុខ។

តាមការសិក្សារបស់ស្ថាប័នអន្តរជាតិ Oxfam បានបង្ហាញឲ្យដឹងទៀតថា ៦០% នៃទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទាំងនោះ គឺកើតចេញពីការស្នងមរតក ការរកស៊ីលើអាជីវកម្មផ្តាច់មុខ ឬទំនាក់ទំនង​វង្សត្រកូល​ ជាដើម៕