ក្រោយបង្ហើប Trailer សកម្មភាពថត Album ចម្រៀងថ្មីរបស់ សុវត្ថិ មុន្នីនាគ លើទឹកដីសហរដ្ឋអាមរិក ធ្វើឱ្យមហាជនដែលជាអ្នកស្រលាញ់និងគាំទ្រឪពុកកូនតារាចម្រៀងរូបនេះ មានក្តីរំភើប។ នៅថ្ងៃនេះ សាធារណជនកាន់តែស្ញប់ស្ញែងថែមទៀត បន្ទាប់ពីមើលឃើញកូនប្រុសពៅរបស់ឧកញ៉ា ព្រាប សុវត្ថិ បង្ហាញភាពស្និតស្នាលជាមួយក្រុមគ្រួសារ ក៏ដូចជាកាយវិការដ៏ល្អប្រពៃគោរពបងប្រុស។
តាមរយៈវីដេអូសកម្មភាពជួបជុំគ្នានៅអាកាសយានដ្ឋាន កូនប្រុសទាំង៣របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ រួមនឹងចាស់ទុំនៅក្នុងគ្រួសារ ក្តុកក្តួលឱបគ្នាដោយក្តីនឹករលឹក។ ក្នុងនោះ មុន្នីនាគ បានបង្ហាញក្តីគោរពទៅកាន់គ្រួសារទាំងមូល រួមទាំងលត់ជង្គង់ថ្វាយបង្គំបងប្រុស គោរពស្មើនឹងលោកឪពុកម្នាក់ដែរ ធ្វើឱ្យមហាជនកោតសរសើរ និងស្ញប់ស្ញែងខ្លាំងចំពោះក្តីស្រលាញ់ដែលគ្រួសារនេះផ្តល់ឱ្យគ្នា ខណៈកាយវិការដ៏ប្រពៃនេះ ជាអ្វីដែលគេកម្របានឃើញប្អូនធ្វើចំពោះបងណាស់ បច្ចុប្បន្ននេះ។
លើសពីនេះ អ្វីដែលកម្របានឃើញ គឺការដែលលោកឪពុកហ៊ានបង្ហាញក្តីស្រលាញ់ និងភាពស្និតស្នាលចំពោះកូន។ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ហាក់មានភាពស្និតស្នាលខ្លាំងជាមួយកូនៗ ដោយដើរតួជារៀមច្បងផង និងឪពុកផង ចាំប្រឹក្សាកូនៗជានិច្ច។ ខណៈកន្លងមក លោកតែងទទួលបានការកោតសរសើរថាជាឪពុកគំរូ ក៏ព្រោះតែអាកប្បកិរិយាដ៏ល្អប្រពៃកូនប្រុសទាំង៣របស់លោកដែរ។
ដោយមើលឃើញក្តីសុខសុភមង្គលនៃក្រុមគ្រួសារនេះ អ្នកគាំទ្រ មិនត្រឹមតែកោតស្ញប់ស្ញែងប៉ុណ្ណោះទេ ហើយថែមទាំងបានចាត់ទុកជាគ្រួសារគំរូ ដែលគួររៀនសូត្រតាមទៀតផង។
បើក្រឡកមើលវីដេអូសកម្មភាពដែលភ្ជាប់ជាមួយសំណេរថា “រសជាតិជីវីត ជីវីតត្រូវតែតស៊ូ” ទំនងជាទាក់ទងនឹងការបោះជំហានក្នុងគោលដៅជិវិតរបស់ សុវត្ថិ មុន្នីនាគ លើពិភពតន្ត្រីចម្រៀង Hip Hop ទឹកដីសហរដ្ឋអាមេរិក។ ខណៈមួយរយៈពេលចុងក្រោយនេះ លេចឮដំណឹងថា កូនប្រុសពៅរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ កំពុងសាងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ និងត្រៀមចេញ Album ចម្រៀងថ្មី ដែលផលិតនៅទឹកដីអាមេរិកផ្ទាល់ផងដែរ៕