ឧកញ៉ា បាខាល់ បុប្ផាគន្ធ អគ្គនាយិកាហាងមាសពេជ្រ បុប្ផាគន្ធ (Bophakun Jewelry) បានក្លាយជាសមាជិកទ្រទ្រង់ថ្មី នៃសមាគមឧកញ៉ាកម្ពុជា។ នេះបើតាមការបង្ហាញឱ្យដឹងពីសមាគមឧកញ៉ាកម្ពុជា កាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
លោកស្រីឧកញ៉ា បាខាល់ បុប្ផាគន្ធ ជាម្ចាស់ហាងមាសពេជ្រ បុប្ផាគន្ធ ដែលជាហាងទិញ-លក់គ្រឿងអលង្ការគ្រប់ប្រភេទ ទទួលស្គាល់ពីស្ថាប័នពេជ្រ GIA អន្តរជាតិ មានទីតាំងស្ថិតនៅផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជិតផ្សារធំថ្មី។ លោកស្រីឧកញ៉ា ក៏ជាសមាជិកកិត្តិយសរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលតែងចូលរួមកៀរគរថវិកាសប្បុរសធម៌ជាប្រចាំ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។
លោកស្រី បាខាល់ បុប្ផាគន្ធ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ជា «ឧកញ៉ា» នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។
សូមជម្រាបជូនថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើង និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៩៧៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២ ស្តីពីការសុំចុះឈ្មោះសមាគមឧកញ៉ាកម្ពុជា ក្នុងបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា។ សមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នតែមួយគត់តំណាងឱ្យគោរមវន្ត ទាំងអស់នៅកម្ពុជា និងជាស្ថាប័ន អព្យាក្រឹត មិនស្វែងរកប្រាក់កម្រៃ ព្រមទាំងធ្វើសកម្មភាពដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ៕