លោក ត្រាំ រៃអង្គាសបានទឹកប្រាក់ជាង ២០០លានដុល្លារ សម្រាប់ពិធីស្បថចូលកាន់តំណែងរបស់ខ្លួន

អន្តរជាតិ

យោងតាមគណ:កម្មាធិការស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ បានបង្ហាញឲ្យដឹងថា ពួកគេទទួលបានទឹកប្រាក់ជាង ២០០លានដុល្លារ ពីសំណាក់ម្ចាស់ជំនួយ ដែលជាចំនួនកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៃការបរិច្ចាគសម្រាប់ព្រឹត្តិការណ៍ដ៏ធំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ ក្នុងនាមជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក បានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែមករា ដែលជាការបញ្ចប់នៃការផ្លាស់ប្តូរអំណាចពីប្រធានាធិបតីអាណត្តិចាស់ លោក ចូ បៃដិន ទៅកាន់ប្រធានាធិបតីអាណត្តិថ្មីដែលបានឈ្នះក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២៤។

យ៉ាងណាមិញ ជាមួយនឹងការសន្យាពីអ្នកឧបត្ថម្ភជាច្រើនកាលពីសប្តាហ៍មុន គណៈកម្មាធិការស្បថចូលកាន់តំណែងរបស់លោក ត្រាំ បានបង្ហាញថានឹងរៃអង្គាសទឹកប្រាក់បានយ៉ាងហោចណាស់ ២០០លានដុល្លារសម្រាប់ព្រឹត្តិការណ៍នេះ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុន នៅក្នុងប្រវត្តិសាស្ត្រនៃពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក។

គួរឲ្យដឹងថាម្ចាស់ជំនួយសំខាន់ៗ រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់សហរដ្ឋអាមេរិក បានសន្យាចំណាយប្រាក់យ៉ាងច្រើន នៅក្នុងពិធីចូលកាន់តំណែងរបស់លោក ត្រាំ ក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីកែលម្អទំនាក់ទំនងជាមួយប្រធានាធិបតីទី៤៧ រូបនេះ។

ការបរិច្ចាគទាំងនេះបានជួយឲ្យគណៈកម្មាធិការស្បថចូលកាន់តំណែងរបស់លោក ត្រាំ រៃអង្គាសទឹកប្រាក់បានច្រើនជាងអ្វីដែលខ្លួនបានចំណាយរៀបចំលើព្រឹត្តិការណ៍នេះទៅទៀត ខណ:ទឹកប្រាក់​ដែល​នៅ​សេសសល់ នឹង​ត្រូវផ្ទេរទៅកាន់​បណ្ណាល័យ​ប្រធានាធិបតី ត្រាំ នាពេលខាងមុខ។

ជម្រាបជូនផងដែរថា ចំនួនទឹកប្រាក់នេះ គឺលើសពីកំណត់ត្រាមុនសម្រាប់ការបរិច្ចាគក្នុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតី កាលពីអំឡុងអាណត្តិទី១ របស់លោក ត្រាំ នៅក្នុងឆ្នាំ២០១៧ ជាមួយនឹងចំនួនទឹកប្រាក់រៃអង្គាសសរុបបានចំនួន ១០៧លានដុល្លារ៕