មហាសេដ្ឋី Elon Musk អាច​ដឹកនាំ​អង្គភាពប្រសិទ្ធភាព​រដ្ឋាភិបាលតែម្នាក់ឯង ក្រោយលោក Ramaswamy ប្រកាសដើរចេញ

អន្តរជាតិ

មហាសេដ្ឋីកំពូលរបស់ពិភពលោក Elon Musk អាចក្លាយជាអ្នកដឹកនាំតែម្នាក់គត់នៃអង្គភាពជំរុញប្រសិទ្ធភាពការងាររដ្ឋាភិបាលសហរដ្ឋអាមេរិកបង្កើតថ្មី បន្ទាប់ពីសហមេដឹកនាំ លោក Vivek Ramaswamy បានប្រកាសដកខ្លួនចេញវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CBS។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Vivek Ramaswamy ដែលត្រូវបានជ្រើសរើសផ្ទាល់ដោយប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក លោក ដូណាល់ ត្រាំ ឲ្យធ្វើជាសហប្រធានអង្គភាពជំរុញប្រសិទ្ធភាពការងាររដ្ឋាភិបាល (DOGE) រួមជាមួយមហាសេដ្ឋី Elon Musk នោះ ត្រូវបានគេរំពឹងថានឹងចាកចេញពីការិយាល័យក្នុងពេលឆាប់ៗ ដើម្បីផ្តោតលើយុទ្ធនាការរបស់ខ្លួនសម្រាប់ការងារជាអភិបាលរដ្ឋ Ohio ជំនួសវិញ ដែលនឹងត្រូវចាប់ផ្តើមនៅដើមឆ្នាំ២០២៥ នេះ។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធជាមួយនឹងមូលហេតុចម្បងជុំវិញការចាកចេញពីអង្គភាពបង្កើតថ្មីនេះ លោក Ramaswamy ហាក់មិនទាន់ទម្លាយប្រាប់ឲ្យដឹងច្បាស់ជាងនេះនៅឡើយទេ ខណ:កន្លងមក វាត្រូវបានគេរាយការណ៍ថា ទំនាក់ទំនងរវាងអតីតបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ និងលោក Musk ហាក់មិនមានភាពចុះសម្រុងនឹងគ្នាឡើយ។

គួរឲ្យដឹងផងដែរថា ប្រសិនបើលោក Ramaswamy ចាកចេញទៅ នោះមហាសេដ្ឋី Elon Musk នឹងក្លាយជាអ្នកដឹកនាំតែមួយគត់របស់ DOGE ដែលជាអង្គភាពទទួលខុសត្រូវក្នុងការជំរុញប្រសិទ្ធភាពការងាររដ្ឋាភិបាលសហរដ្ឋអាមេរិក។

ជម្រាបជូនថា តំណែងជាមេអ្នកដឹកនាំ DOGE នេះ គឺជាការសន្យាយុទ្ធនាការដែល ត្រាំ បានធ្វើឡើងជាពិសេសសម្រាប់លោក Musk ។ ក្រុមប្រឹក្សាភិបាលនេះ ត្រូវបានគេសន្មត់ថា នឹងចូលរួមផ្តល់ដំបូន្មាន និងការណែនាំពីខាងក្រៅរដ្ឋាភិបាល លើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រួលប្រព័ន្ធ កាត់បន្ថយបទប្បញ្ញត្តិ កាត់បន្ថយការចំណាយ និងរៀបចំរចនាសម្ព័ន្ធទីភ្នាក់ងារសហព័ន្ធឡើងវិញ៕