យោងតាមលោក Eagle Zhao ប្រធានក្រុមហ៊ុន BYD ប្រចាំប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទកន្លងទៅ បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ប្រទេសចិន គ្រោងនឹងបញ្ចប់ការសាងសង់រោងចក្រតម្លៃ ១ពាន់លានដុល្លាររបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌូណេស៊ី នាចុងឆ្នាំ២០២៥ ខាងមុខ ជាមួយនឹងការគូសបញ្ជាក់អំពីមហិច្ឆតារបស់ក្រុមហ៊ុនក្នុងការគ្របដណ្តប់លើទីផ្សាររថយន្ត EV ដែលកំពុងពេញនិយម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។
លោក Eagle Zhao បាននិយាយបន្ថែមទៀតថា ផែនការរយ:ពេលវែងសម្រាប់រោងចក្រថ្មីរបស់ក្រុមហ៊ុន BYD នៅក្នុងប្រទេសតំបន់អាស៊ានមួយនេះ គឺផ្តោសំខាន់សម្រាប់ទីផ្សារនាំចេញ។
ទន្ទឹមនឹងនេះ លោក Zhao បាននិយាយនៅក្នុងបទសម្ភាសរួមគ្នាជាមួយ Reuters និង CNBC Indonesia ថា ៖”រាល់ការវិវឌ្ឍន៍នៃផលិតកម្មក្នុងស្រុករបស់យើងគឺមានភាពរលូន និងបន្តឆ្ពោះទៅមុខជានិច្ចផងដែរ។ យើងនឹងរក្សាការប្តេជ្ញាចិត្តរបស់យើង ដែលអាចនិយាយបានថានៅចុងឆ្នាំ២០២៥ យើងនឹងបញ្ចប់ការងារសាងសង់រោងចក្រថ្មីរបស់យើង” ។
រោងចក្រដែលកំពុងត្រូវបានសាងសង់នៅបរិវេណសួនឧស្សាហកម្មក្នុងទីក្រុង Subang ខេត្ត West Java នេះ នឹងមានសមត្ថភាពផលិតរថយន្តអគ្គិសនីសរុបចំនួន ១៥០ ០០០ គ្រឿងជារៀងរាល់ឆ្នាំ។
គួរឲ្យដឹងថា ជាមួយនឹងការវិនិយោគនេះ ក្រុមហ៊ុន BYD ត្រូវបានអនុញ្ញាតឲ្យដឹកជញ្ជូនរថយន្តរបស់ខ្លួនជាបណ្ដោះអាសន្នទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដោយគិតលើពន្ធនាំចូល ដែលជាគោលនយោបាយចុងក្រោយមួយរបស់រដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគដោយក្រុមហ៊ុនផលិតរថយន្តបរទេស។
ទន្ទឹមនឹងនេះ យោងតាមទិន្នន័យពីសមាគមរថយន្តបានបង្ហាញថានៅឆ្នាំ២០២៤ ដែលជាឆ្នាំដំបូងនៃការលក់របស់ BYD នៅក្នុងប្រទេសឥណ្ឌូណេស៊ី ក្រុមហ៊ុនខ្នាតយក្សចិនមួយនេះ លក់រថយន្តអគ្គិសនីរបស់ខ្លួនបានចំនួន ១៥ ៤២៩ គ្រឿង។ ហើយបើគិតពីតួលេខ ចន្លោះពីខែមករាដល់ខែវិច្ឆិកា BYD គឺជាក្រុមហ៊ុននាំមុខគេទាក់ទងនឹងការលក់រថយន្ត EV នៅឥណ្ឌូណេស៊ី ជាមួយនឹងការដណ្តើមចំណែកទីផ្សារបានប្រហែល ៣៦% ៕