លោក ត្រាំ បញ្ជាឲ្យផ្អាកបិទ TikTok នៅសហរដ្ឋអាមេរិកជាបណ្តោះអាសន្នរយ:ពេល ៧៥ថ្ងៃ

អន្តរជាតិ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលទើបស្បថចូលកាន់តំណែងកាលពីម្សិលមិញ បានបញ្ជាឲ្យផ្អាកលើការអនុវត្តច្បាប់ដែលនឹងត្រូវហាមឃាត់កម្មវិធី TikTok នៅក្នុងទឹកដីសហរដ្ឋអាមេរិក ជាបណ្តោះអាសន្នរយ:ពេល ៧៥ថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្រោមបទបញ្ជានេះ លោក ត្រាំ បានណែនាំដល់អគ្គមេធាវីរបស់សហរដ្ឋអាមេរិក មិនត្រូវអនុវត្តវិធានការណាមួយប្រឆាំងទៅនឹង TikTok ក្នុងរយ:ពេល ៧៥ថ្ងៃនោះឡើយ ពោលគឺបន្ទាប់ពីច្បាប់ហាមឃាត់ថ្មីមួយសន្តីពីការការពារជនជាតិអាមេរិកពីកម្មវិធីដែលគ្រប់គ្រងដោយគូប្រជែងបរទេស (PAFACA ) ត្រូវបានចូលជាធរមានកាលពីថ្ងៃទី១៩ ខែមករា។

រម្លឹកផងដែរថា TikTok បានបិទដំណើរការកម្មវិធីរបស់ខ្លួន នៅសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យកន្លងទៅ បន្ទាប់ពីច្បាប់ហាមឃាត់ដែលត្រូវបានចុះហត្ថលេខាដោយអតីតប្រធានាធិបតី លោក ចូ បៃដិន កាលពីឆ្នាំមុន ឈានដល់ពេលកំណត់។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ TikTok បានស្ដារសេវាកម្មរបស់ខ្លួននៅក្នុងទឹកដីសហរដ្ឋអាមេរិកឡើងវិញ បន្ទាប់ពីទទួលបានការ​អន្តរាគម៍​ពីសំណាក់ លោក ដូណាល់ ត្រាំ ខណ:លោកថែមទាំងបានសន្យាថានឹងចេញបទបញ្ជាប្រតិបត្តិភ្លាមៗនៅពេលលោកចូលកាន់តំណែងជាផ្លូវការ ដើម្បីពន្យារពេលលើការហាមឃាត់នេះ។

ទន្ទឹមនឹងនេះ លោក ត្រាំ បាននិយាយទៀតថា ​បទបញ្ជាប្រតិបត្តិលើកម្មវិធី TikTok នេះ បានផ្តល់ឲ្យ​លោក​នូវសិទ្ធិអំណាចក្នុងការលក់​ ឬបិទវាចោល ប៉ុន្តែ​នៅក្នុងពេលនេះលោក​មិនទាន់សម្រេចចិត្តថា តើត្រូវបន្តជម្រើសមួយណានៅឡើយនោះទេ។

ជម្រាបជូនផងដែរថា ច្បាប់ PAFACA ត្រូវបានធ្វើឡើងដើម្បីហាមឃាត់​មិនឲ្យកម្មវិធី TikTok ដំណើរការនៅសហរដ្ឋ​អាមេរិក​ លុះ​ត្រាតែក្រុមហ៊ុនមេ ByteDance យល់ព្រមលក់​​​ប្រតិបត្តិការ TikTok នៅអាមេរិក​​របស់​ខ្លួន​ទៅឲ្យក្រុមហ៊ុន ឬ​បុគ្គលអាមេរិក​ ដោយសម្អាងលើហេតុផលបញ្ហសន្តិសុខជាតិ៕