ផ.ស.ស. សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនដល់ ២ ៩២៤ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥

សង្គម​ និង​សេដ្ឋកិច្ច

យោងលើការវាយតម្លៃនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម របស់រាជរដ្ឋាភិបាល ចំពោះសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ ២០២៥ ត្រូវបានព្យាករថាស្ថិតក្នុងអត្រាកំណើន ៦,៣% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ២០៩ ១៦៣ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៥១ ៣៩៨ លានដុល្លារអាម៉េរិក ក្នុងខណៈដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនដល់ ២ ៩២៤ ដុល្លារអាម៉េរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំណែកឯអត្រាប្តូរប្រាក់រៀល គឺនៅតែបន្តស្ថិតនៅក្នុងរង្វង់ ៤ ០៦៩ រៀល ក្នុងមួយដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៥។ ឱនភាពគណនី ចរន្ត (រួមបញ្ចូលបង្វែរ) ត្រូវបានព្យាករថានឹងរួមតូចបន្តិចមកត្រឹម-២,៦% ដោយសារការ រំពឹងទុក ពីការរក្សាបាននូវសមតុល្យពាណិជ្ជកម្ម ស្របពេលដែលចំណូលពីវិស័យទេសចរណ៍ក៏ នៅបន្តមាននិន្នាការល្អ។

ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ បានគូសបញ្ជាក់ថា អត្រាអតិផរណាមធ្យមប្រចាំឆ្នាំ ត្រូវបានព្យាករថានឹងស្ថិតក្នុងរង្វង់ ២,៥% ក្នុងឆ្នាំ ២០២៥ ដោយសារការរក្សាបាននូវចលនការសេដ្ឋកិច្ចក្នុងស្រុក និងប្រក្រតីភាព នៃស្ថានភាព និងថ្លៃទំនិញអន្តរជាតិ។ ចំណែកឯទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថានឹងបន្តកើនឡើងដល់ ២៤ ៤២៣ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៥ និងធានាការនាំចូលបាន ៧,៥ ខែ។

សូមបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥ ត្រូវបានព្យាករថាមានកំណើន ៦,៣% ក្នុងនោះវិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងមានកំណើនន៨,៦% ចំណែកវិស័យសេវាកម្ម ត្រូវបានព្យាករថានឹងមានកំណើន៥,៦% រីឯវិស័យកសិកម្មវិញ ត្រូវបានព្យាករណ៍ថានឹងមានកំណើន១,១%៕