ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីពេលថ្មីៗនេះថា លោកគ្រោងនឹងដាក់ពន្ធគយ ២៥% ទៅលើទំនិញរបស់ប្រទេសម៉ិកស៊ិក និងកាណាដា ចាប់ពីថ្ងៃទី១ ខែកុម្ភៈតទៅ ដោយបានរំលឹកឡើងវិញនូវអ្វីដែលលោកធ្លាប់បាននិយាយថា ប្រទេសជិតខាងទាំងពីរនេះ កំពុងអនុញ្ញាតឲ្យជនចំណាកស្រុកខុសច្បាប់ និងគ្រឿងញៀនហូរចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
ប្រភពដដែលនេះ ក៏បានរាយការណ៍អំពីសម្តីរបស់លោក ត្រាំ ដែលបាននិយាយនៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានថា ៖”យើងកំពុងគិតអំពីការដាក់ចេញពន្ធគយ ២៥% លើម៉ិកស៊ិក និងកាណាដា ពីព្រោះពួកគេអនុញ្ញាតឲ្យមនុស្សយ៉ាងច្រើនចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក។ ខ្ញុំគិតថាយើងនឹងចាប់ផ្តើមធ្វើវានៅថ្ងៃទី១ ខែកុម្ភៈតទៅ”។
គួរឲ្យដឹងផងដែរថា ផែនការរបស់លោក ត្រាំ សម្រាប់ការដាក់ពន្ធបន្ថែមលើប្រទេសពីរដែលជាអ្នកទិញចូលដ៏សំខាន់ទៅលើថាមពល និងរថយន្តរបស់សហរដ្ឋអាមេរិកនោះ ហាក់កំពុងផ្តល់ការគំរាមកំហែងឲ្យមានការចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មក្នុងចំណោមប្រទេសស្ថិតនៅក្នុងកិច្ចព្រមព្រៀងអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA)។ កិច្ចព្រមព្រៀងដ៏ធំនេះ គ្រប់គ្រងលំហូរពាណិជ្ជកម្មទំនិញ និងសេវាកម្មដែលមានតម្លៃសរុបរហូតដល់ទៅ ១,៨ទ្រីលានដុល្លារ ដោយផ្អែកលើទិន្នន័យក្នុងឆ្នាំ២០២២។
ជម្រាបជូនថា ទាំងកាណាដា និងម៉ិកស៊ិក បាននិយាយថា ពួកគេនឹងដាក់ចេញវិធានការសងសឹកលើទំនិញរបស់អាមេរិកវិតញ ប្រសិនបើ លោក ត្រាំ ដាក់ចេញនូវផែនការដំឡើងពន្ធគយថ្មីលើទំនិញរបស់ខ្លួននោះ ខណ:កិច្ចព្រមព្រៀង USMCA អាចនឹងត្រូវពិនិត្យមើលឡើងវិញនៅឆ្នាំ២០២៦ ។
សូមបញ្ជាក់បន្ថែមថា លោក ត្រាំ តែងតែនិយាយដោយត្អូញត្អែរអំពីចរន្តនៃលំហូរចូលថ្នាំញៀនប្រភេទ fentanyl និងជនអន្តោប្រវេសន៍ខុសច្បាប់ដែលឆ្លងកាត់តាមបណ្តោយព្រំដែនភាគខាងជើងសហរដ្ឋអាមេរិក ដោយលើកឡើងថា “កាណាដាគឺជាអ្នករំលោភបំពានដ៏អាក្រក់បំផុត” ៕