ក្រសួងពាណិជ្ជកម្មកម្ពុជា-ប៉ាគីស្ថាន នឹងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានបើកកិច្ចពិភាក្សាគ្នា ដើម្បីស្វែងរកកាលានុវត្តភាពសំដៅបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត​ សំដៅជំរុញកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សាការងាររវាង លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងលោក ជែម កាម៉ាល់ ខាន់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី១ នារសៀលថ្ងៃ ទី២១ ខែមករា ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ រដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានរៀបចំឡើងក្នុងគោលបំណងស្វែងរកកាលានុវត្តភាពសំដៅបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ព្រមទាំងពិនិត្យ និងស្វែងរកវិស័យដែលមានសក្តានុពល និងផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក។

សូមរម្លឹកដែរថា កាលព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅជំនួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ក៏បានពិភាក្សាពីការជំរុញ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ជាច្រើនរួមមាន​៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល​ អប់រំ កសិកម្ម បច្ចេកវិទ្យា កម្មន្តសាល ទេសចរណ៍ និងការតភភ្ជាប់រវាងប្រជាជននិងប្រជាជនដើម្បីចូលរួមចំណែកបង្កើតជាកាលានុវត្តភាពវិនិយោគបន្ថែមទៀតសម្រាប់ធុរជនប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត៕ អត្ថបទ៖ហ្សាលីន