ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសពីការបណ្តេញមន្ត្រីជាន់ខ្ពស់ចំនួនបួនរូបដែលត្រូវបានតែងតាំងដោយលោក ចូ បៃដិន ខណ:លោកថែមទាំងបាននិយាយទៀតថា នឹងបន្តបណ្តេញចេញមន្ត្រីរបស់រដ្ឋបាលអាណត្តិមុនជាង ១ ០០០ នាក់បន្ថែមទៀតនាពេលខាងមុខផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
យោងតាមការបង្ហោះសារមួយនៅលើបណ្តាញសង្គម កាលពីថ្ងៃទី២១ ខែមករា ពោលគឺតិចជាង ជាង ២៤ម៉ោងបន្ទាប់ពីការស្បថចូលកាន់តំណែង លោក ត្រាំ បានសរសេរថា ៖”ការិយាល័យបុគ្គលិកប្រធានាធិបតីកំពុងកំណត់អត្តសញ្ញាណយ៉ាងសកម្ម និងដកតំណែងមន្ត្រីរដ្ឋបាលមុនប្រមាណជាង ១ ០០០ នាក់ ដោយសារតែពួកគេមិនស្របតាមចក្ខុវិស័យរបស់យើងក្នុងការធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត”។
យ៉ាងណាមិញ ក្នុងចំណោមន្ត្រីទាំងនោះ លោក ត្រាំ បានដាក់ឈ្មោះមន្ត្រីកំពូលៗចំនួនបួនរូប ដែលត្រូវបានបណ្តេញចេញពីការងារភ្លាមៗ ដោយក្នុងនោះរួមមាន លោក Jose Andres ត្រូវបានដកចេញពីតំណែងជាសហប្រធានក្រុមប្រឹក្សាប្រធានផ្នែកសុខភាព កីឡា និងអាហារូបត្ថម្ភ , អតីតឧត្តមសេនីយ លោក Mark Milley ដកចេញពីសមាជិកក្រុមប្រឹក្សាប្រឹក្សាហេដ្ឋារចនាសម្ព័ន្ធជាតិ លោក Brian Hook ដកចេញពីប្រធានមជ្ឈមណ្ឌល Wilson សម្រាប់អ្នកប្រាជ្ញ និងលោក Keisha Lance Bottoms ដកចេញពីក្រុមប្រឹក្សានាំចេញរបស់ប្រធានាធិបតី។
“នេះគឺជាការប្រកាសជាផ្លូវការនៃការបណ្តេញមន្ត្រីកំពូលៗចំនួន ៤ នាក់ដែលត្រូវបានតែងតាំងដោយប្រធានាធិបតីអាណត្តិមុន។ ហើយការប្រកាសបណ្តេញចេញពីការងារសម្រាប់អ្នកផ្សេងទៀត អាចនឹងត្រូវបានធ្វើឡើងក្នុងពេលឆាប់ៗនេះ”។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ត្រាំ។
ជម្រាបជូនផងដែរថា ទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកជាច្រើននឹងឃើញការផ្លាស់ប្តូរបុគ្គលិកជាបន្តបន្ទាប់ ប្រសិនបើលោក ត្រាំ អនុវត្តការសន្យាយុទ្ធនាការរបស់លោកក្នុងការកាត់បន្ថយការិយាធិបតេយ្យ និងធ្វើឲ្យប្រសើរឡើងនូវការអនុវត្តការងាររបស់មន្ត្រីរាជការ ដោយនេះថែមទាំងអាចឈានដល់ការបិទនាយកដ្ឋានទាំងមូលណាមួយ ផងដែរ៕