មហាសេដ្ឋីបច្ចេកវិទ្យាកំពូលៗរបស់ពិភពលោក រួមមាន លោក Elon Musk , Mark Zuckerberg និង Jeff Bezos ជាដើម ត្រូវបានគេមើលឃើញថា បានបង្ហាញវត្តមាននៅក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែមករាកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
យោងតាមទស្សនាវដ្តីនិយាយពីអ្នកមាន Forbes បានបង្ហាញឲ្យដឹងថា លោក Musk , Bezos និងលោក Mark គឺជាអ្នកមានដាច់គេបំផុតទាំងបីរបស់ពិភពលោក ជាមួយទ្រព្យសម្បត្តិរបស់ពួកគេមានចំនួនប្រមាណជិត ៩០០ពាន់លានដុល្លារ ស្របពេលសហស្ថាបនិករបស់ក្រុមហ៊ុន Google លោក Sergey Brin ដែលជាប់ក្នុងថ្នាក់លេខ៧ ក្នុងបញ្ជីអ្នកមានបំផុត ក៏បានចូលរួមក្នុងពិធីចូលកាន់តំណែងរបស់លោក ត្រាំ នេះ ផងដែរ។
យ៉ាងណាមិញ ចំពោះអ្នកចូលរួមផ្សេងទៀត ក៏រួមមាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក Tim Cook និងនាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai ជាដើម។
ទន្ទឹមនឹងនេះ នាយកប្រតិបត្តិ TikTok លោក Chew Shou Zi ក៏ត្រូវបានគេឃើញបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះផងដែរ បើទោះបីជាអនាគតនៃវេទិការបស់ខ្លួនក្នុងទឹកដីសហរដ្ឋអាមេរិក នៅតែមិនទាន់មានភាពច្បាស់លាស់ក៏ដោយ។ តែទោះជាយ៉ាងណា លោក ត្រាំ នៅថ្ងៃបន្ទាប់ក្រោយពិធីស្បថចូលកាន់តំណែង បានបញ្ជាឲ្យផ្អាកការបិទ TikTok ជាបណ្តោះអាសន្ន រយៈពេល ៧៥ថ្ងៃសិន ដើម្បីរង់ចំាមើលការស្វែងរកដំណោះស្រាយ។
ជម្រាបជូនផងដែរថា មុនពិធីស្បថចូលកាន់តំណែងនេះ មហាសេដ្ឋីបច្ចេកវិទ្យាកំពូលៗរបស់សហរដ្ឋអាមេរិក បានចំណាយពេលជាច្រើនសប្តាហ៍ដើម្បីជួបពិភាក្សាផ្ទាល់ជាមួយលោក ត្រាំ ក្នុងគោលបំណងរក្សាទំនាក់ទំនងរវាងប្រធានាធិបតីអាមេរិកអាណត្តិថ្មី បន្ថែមទៀត៕