ទីភ្នាក់ងារប្រឆាំងការទុកចិត្តរបស់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២១ ខែមករាកន្លងទៅ បានបញ្ជាឲ្យក្រុមហ៊ុន Google បង់ប្រាក់ពិន័យប្រហែល ២០២ពាន់លានរូពៀ (១២,៣៧លានដុល្លារ) សម្រាប់ការអនុវត្តអាជីវកម្មដោយមិនយុត្តិធម៌ដែលទាក់ទងនឹងសេវាកម្មប្រព័ន្ធទូទាត់សម្រាប់កម្មវិធី Google Play Store ដែលជាវេទិកាចែកចាយកម្មវិធី Software របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ទីភ្នាក់ងារនេះ បានចាប់ផ្តើមបើកការស៊ើបអង្កេតទៅលើ Google របស់ក្រុមហ៊ុនមេ Alphabet Inc តាំងពីក្នុងឆ្នាំ២០២២ មកម្លេះ ដោយសង្ស័យថាក្រុមហ៊ុនបានបំពានលើតួនាទីរបស់ខ្លួន ដោយតម្រូវឲ្យអ្នកបង្កើតកម្មវិធីរបស់ឥណ្ឌូណេស៊ី ប្រើប្រាស់កម្មវិធី Google Play Billing ក្នុងអត្រាខ្ពស់ជាងប្រព័ន្ធទូទាត់ផ្សេងទៀត បើមិនដូច្នេះទេកម្មវិធីរបស់ពួកគេនឹងត្រូវដកចេញពី Google Play Store តែម្តង។
ទីភ្នាក់ងារដដែលនេះ ក៏បានរកឃើញទៀតថា Google បានគិតថ្លៃសេវារហូតដល់ ៣០% តាមរយៈប្រព័ន្ធទូទាត់ Google Play Billing នេះ។
គួរឲ្យដឹងផងដែរថា Google បានគ្រប់គ្រងចំណែកទីផ្សារដល់ទៅ ៩៣% នៅក្នុងប្រទេសដែលមានប្រជាជនរស់នៅសរុបប្រមាណ ២៨០ លាននាក់ និងជាប្រទេសដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សលើផ្នែកសេដ្ឋកិច្ចឌីជីថល។
ជម្រាបជូនផងដែរថា មិនត្រឹមតែឥណ្ឌូណេស៊ីប៉ុណ្ណោះទេ Google ក៏ត្រូវបានពិន័យជាប្រាក់ជាង ៨ពាន់លានអឺរ៉ូ (៨,៣១ពាន់លានដុល្លារ) ដោយសហភាពអឺរ៉ុប ក្នុងរយ:ពេលមួយទសវត្សចុងក្រោយនេះផងដែរ សម្រាប់ការអនុវត្តន៍ប្រឆាំងនឹងការប្រកួតប្រជែងដែលទាក់ទងនឹងសេវាកម្មប្រៀបធៀបតម្លៃរបស់ខ្លួន ក៏ដូចជាលើប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ Android និងសេវាកម្មផ្សាយពាណិជ្ជកម្មផ្សេងទៀត៕