ថ្នាក់ដឹកនាំស្ត្រី និងជាធុរជនហ្វីលីពីន ចំនួន៣៥រូប ជាសមាជិកនៃក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីនដែលកំពុងមានប្រតិបត្តិការអាជីវកម្មក្នុងវិស័យជាច្រើន បានបង្ហាញការចាប់អារម្មណ៍ពីឱកាសវិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា។
នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយ លោកស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នាវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប លោកស្រីប្រធានក្រុមប្រឹក្សាបានគោរពជម្រាបជូនសម្ដេចធិបតីថា គណៈប្រតិភូនឹងចូលរួមវេទិកាធុរកិច្ចដែលសហការរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីននិងក្រសួងពាណិជ្ជកម្មកម្ពុជា។
គណៈប្រតិភូ ក៏បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ក្នុងនោះរួមមាន៖ វិស័យកសិកម្ម (ឧស្សាហកម្មស្រូវអង្ករ), អាកាសចរណ៍, ទេសចរណ៍, យានយន្ត, អប់រំ, សុខាភិបាល, ដឹកជញ្ជូន និងឡូជីស្ទីក, អាជីវកម្មលក់រាយ និង កម្មន្ដសាល ព្រមទាំងបានបង្ហាញបំណងស្វែងរកកិច្ចសហការជាមួយសហគ្រិនជាស្ត្រីនៅកម្ពុជា ពាក់ព័ន្ធនឹងការពង្រឹងជំនាញវិជ្ជាជីវៈ, ការផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តន៍ល្អៗ ការកសាងសមត្ថភាពជាដើម។
ជាការឆ្លើយតប សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងការជួយលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យធុរកិច្ចរបស់ក្រុមប្រឹក្សា ព្រមទាំងបានស្វាមគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាធុរកិច្ចក្នុងការស្វែកឱកាសវិនិយោគ និងពាណិជ្ជកម្ម នៅកម្ពុជា និងបង្ហាញនូវក្ដីសោមនស្សរីករាយចំពោះការរៀបចំវេទិកាធុរកិច្ចនៅកម្ពុជានាពេលនេះ ក៏ដូចជាការរៀបចំវេទិកាធុរកិច្ចនៅហ្វីលីពីន នាពេលខាងមុខ ហើយសម្ដេចបានគូសបញ្ជាក់ថា វេទិកាធុរកិច្ចទាំងនេះនឹងជួយតភ្ជាប់ទំនាក់ទំនងរវាងធុរជន ឬវិនិយោគិននៃប្រទេសទាំងពីរ និងជួយបង្កើតកាលានុវត្តភាពបន្ថែម សម្រាប់ការវិនិយោគជាដើម។
សម្ដេចធិបតី បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះភាពជោគជ័យរបស់វិស័យឯកជន តាមរយៈការដាក់ចេញគោលនយោបាយគាំទ្រ និងវិធានការលើកទឹកចិត្តនានាសម្រាប់ការវិនិយោគ និងការធ្វើធុរកិច្ចនៅក្នុងកម្ពុជា។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា នៅកម្ពុជា តួនាទីរបស់ស្ត្រីក្នុងវិស័យធុរកិច្ចក៏បាន និង កំពុងវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចអាចរីកលូតលាស់ទៅបាន លុះត្រាតែមានការចូលរួមពីពហុវិស័យ ដើម្បីធានា និងជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ៕