មុនក្លាយជាប្រធានាធិបតីអាមេរិកទី៤៧ លោក ត្រាំ ធ្លាប់កើបលុយរាប់រយលានដុល្លារ ពីការកាន់កាប់ក្រុមហ៊ុនទាំងនេះ

អន្តរជាតិ

ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទើបតែបានស្បថចូលកាន់តំណែងជាផ្លូវការ កាលពីថ្ងៃចន្ទ ទី២០ ខែមករាកន្លងទៅ ដែលរៀបចំធ្វើឡើងយ៉ាងអធិកអធមនៅក្នុងវិមានសភាអាមេរិក The Capitol ដោយមានការចូលរួមពីសំណាក់បុគ្គលសំខាន់ៗ រួមទាំងអតីតប្រធានាធិបតី និងមហាសេដ្ឋីកំពូលៗជាច្រើនរូប ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ នៅមុនការវិលត្រលប់មកកាន់តំណែងនៅក្នុងសេតវិមាន សម្រាប់អាណត្តិជាលើកទី២ របស់ខ្លួន លោក ត្រាំ ត្រូវបានគេស្គាល់ថាជាអ្នកជំនួញដ៏លេចធ្លោបំផុតម្នាក់ ដោយ​លោក​គឺជា​ម្ចាស់​តែ​ម្នាក់​គត់​នៃ​ក្រុមហ៊ុនមេ The Trump Organization ដែល​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ប្រហែល ៥០០​ ឯណោះ។

ក្នុង​ចំណោម​ក្រុមហ៊ុន​រាប់រយ​នោះ មាន​ក្រុមហ៊ុន​ ៥ ដែល​ធ្លាប់​រក​ចំណូល​សរុប​បាន​ខ្ទង់​រយ​លាន​ដុល្លារ​​ សម្រាប់​ប្រធានាធិបតីអាណត្តិថ្មី​រូប​នេះ ដោយផ្អែក​តាម​ទិន្នន័យ​ផ្ដល់​ឲ្យ​ដោយ Investopedia៖

១/ Trump National Doral

ជា​ទីលាន​វាយ​កូនហ្គោល​មួយ​ដែល​លោក ដូណាល់​ ត្រាំ​ បាន​ទិញ​កាលពី​ឆ្នាំ ២០១២ ពី​ម្ចាស់​ដែល​បាន​ប្រកាស​ក្ស័យធន ក្នុង​តម្លៃ​ប្រមាណ ១៥០ លាន​ដុល្លារ។ កាលពី​ឆ្នាំ ២០១៩ កន្លែង​កម្សាន្ត​បែប​អភិជន​មួយ​នេះ អាច​រក​ចំណូល​បាន​ប្រហែល ៧៧លាន​ដុល្លារ ប៉ុន្តែ​កាលពី២០២០ ​វា​បាន​ធ្លាក់​មក​នៅ​ត្រឹម ៤៤លាន​ដុល្លារ​ប៉ុណ្ណោះ ដោយសារ​ការជំងឺរាតត្បាតកូវីដ-១៩។

២/ Trump Old Post Office LLC

មុខ​ជំនួញ​ទី ២ នេះ គឺ​ស្ថិត​នៅ​ក្នុង​ចង្កោម​អាជីវកម្ម​បដិសណ្ឋារកិច្ច ដែល​វា​បាន​សាងសង់​ឡើង​នៅ​ទីតាំង​ការិយាល័យ​ប្រៃសណីយ៍​ចាស់​របស់​រដ្ឋ។ សណ្ឋាគារ​ខ្នាត​អន្តរជាតិ​មួយ​នេះ​ធ្លាប់​រក​ចំណូល​ឲ្យ​ លោក ដូណាល់​ ត្រាំ​បាន​រហូត​ដល់​ជាង ៤០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ The Trump Organization បាន​ប្រកាស​ថា ពួកគេ​បាន​លក់​សណ្ឋាគារ​នោះហើយ ​ក្នុង​តម្លៃ​ប្រមាណ ៣៧៥ លាន​ដុល្លារ ដោយសារ​មាន​បញ្ហា​ក្ដីក្ដាំ និង​ទទួល​បាន​ការ​រិះគន់​ជា​សាធារណៈ​ពី​សំណាក់​គូប្រជែង​លើ​វិស័យ​ជាមួយ​គ្នា​ផង។

៣/ Trump Ruffin Tower LLC

Trump Ruffin Tower LLC ត្រូវបានសាងសង់​ឡើង​នៅ​ឆ្នាំ២០០៨ ដោយផ្តោតលើការរកស៊ី​ផ្នែក​វិស័យ​សណ្ឋាគារ និង​ខុនដូ​ទំនើប ហើយបើតាម​ទិន្នន័យ បាន​បង្ហាញ​ថា​ ​ក្រុមហ៊ុន​មួយ​នេះ​អាច​រក​ចំណូល​ជូន​លោក ត្រាំ​ ប្រហែល ៣០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

៤/ Trump Turnberry

ជា​ទីលាន​វាយ​កូនហ្គោល​​មួយ​ទៀត​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ The Trump Organization ផងដែរ ហើយ​វា​ត្រូវបាន​ទិញ​ពី​ក្រុមហ៊ុន​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឌូបៃ ខណៈ​តម្លៃ​របស់​ទីលាន​វាយ​កូនហ្គោល​មួយ​នេះ​មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ឡើយ។

សារព័ត៌មាន Investopedia បាន​ទម្លាយ​ថា រីសត​មួយ​នេះ​អាចរក​ប្រាក់​ជូន​អតីតប្រធានាធិបតី​អាមេរិកបាន​ប្រហែល ២៥លាន​ដុល្លារ ក្នុងមួយឆ្នាំ។

៥/ Mar-a-Lago Club LLC

មើល​ឲ្យ​មែនទែន​ទៅ ភូមិគ្រឹះ​មួយ​នេះ​គឺ​ជា​កាដូ​ដែល​អ្នកស្រី Marjorie Merriweather Post ផ្ដល់​ជា​អំណោយ​ទៅ​កាន់​រដ្ឋាភិបាល​អាមេរិក​នៅ​ឆ្នាំ១៩៦៨ ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​អ្នកស្រី​ទទួល​អនិច្ចកម្ម​ទៅ នៅក្នុង​ឆ្នាំ១៩៧៣ រដ្ឋាភិបាល​ចាប់ផ្ដើម​ប្រកាស​លក់​ភូមិគ្រឹះ​មួយ​នេះ ដោយសារ​ថ្លៃថែទាំ​មាន​តម្លៃ​ខ្ពស់​ពេក។

លុះ​ដល់​ឆ្នាំ ១៩៨៥ លោក ​ត្រាំ បាន​ទិញ​យក​អចលនទ្រព្យ​ខ្នាតយក្ស​នេះ​ក្នុង​តម្លៃ​ប្រហែល ៨លាន​ដុល្លារ ហើយ​បាន​កែច្នៃ​វា​ចេញ​ជា សណ្ឋាគារ និង​រីសត​ឯកជន​សម្រាប់​អភិជន​លំហែកាយ។ សណ្ឋាគារមួយ​នេះ​ ត្រូវបានគេប៉ាន់ប្រមាណថាអាច​រក​ចំណូល​ជូន ​លោក​ ត្រាំ ប្រមាណ ២០លាន​ដុល្លារ ក្នុងមួយឆ្នាំ៕