លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំប្រតិភូកម្ពុជាអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។តាមរយៈវេទិកាសេដ្ឋកិច្ចពិភពលលោកប្រចាំឆ្នាំ២០២៥នេះ នឹងផ្តោតសំខាន់លើផ្នែកសំខាន់ៗចំនួន៥។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៥នេះ វេទិកាសេដ្ឋកិច្ចពិភពលោក គឺនឹងពិភាក្សាលើប្រធានបទ កិច្ចសហការសម្រាប់យុគសម័យឆ្លាតវៃ “Collaboration for the Intelligent Age” ដែលមានការចូលរួមពីថ្នាក់ដឹកនាំប្រមាណ ៣០០០នាក់ ពីជាង ១៣០ប្រទេសនៅទូទាំងពិភពលោក។
វេទិកាសេដ្ឋកិច្ចពិភពលលោក ដែលរៀបចំឡើងក្នុងឆ្នាំ២០២៥ នេះ នឹងជួយជំរុញភាពជាដៃគូ និងការយល់ដឹងថ្មីៗ ដើម្បីអាចរៀបចំផែនការទៅថ្ងៃអនាគតបានប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាមានភាពជឿនលឿនយ៉ាងឆាប់រហ័ស ដោយផ្តោតលើផ្នែកសំខាន់ៗចំនួន ០៥ រួមមាន ៖ ១. ការប្រមើមើលឡើងវិញនូវកំណើន (Reimagining Growth), ២. ឧស្សាហកម្មក្នុងយុគសម័យឆ្លាតវៃ (Industries in the Intelligent Age), ៣. ការវិនិយោគលើមូលធនមនុស្ស (Investing in People), ៤. ការការពារភពផែនដី (Safeguarding the Planet), និង ៥. ការកសាងទំនុកចិត្តឡើងវិញ (Rebuilding Trust )៕ អត្ថបទ៖ ហ្សាលីន