កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ រវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា។
ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុននេះមានទឹកប្រាក់ចំនួន ៧៥០.០០០.០០០ យ៉េន (ប្រមាណ ៥,៤ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម»នៅកម្ពុជា។
គួរបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណងនេះមានគោលបំណងគាំទ្រដល់ការបង្កើនសមត្ថភាពរបស់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងការដំណើរការទិន្នន័យ ព្រមទាំងគូសបញ្ជាក់ពីការគាំទ្រឥត ងាករេរបស់ជប៉ុនចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈធ្វើឱ្យប្រសើរឡើងនូវការរៀបចំ និង គ្រប់គ្រងដំណើរការបោះឆ្នោត។
សូមជម្រាបជូនផងដែរថា មួយរយៈកន្លងទៅថ្មីៗនេះជប៉ុនតែងតែផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា លើកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម “គម្រោងកម្មវិធី អាហារូបករណ៍សម្រាប់ការអភិវឌ្ឍ ធនធានមនុស្ស(JDS)” ជាដើម ដែលគូសបញ្ជាក់ពីការគាំទ្រឥតងាករេរបស់ជប៉ុន ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា៕