កម្ពុជា-ហ្វីលីពីន កំពុងស្វែងរកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឱកាសពាណិជ្ជកម្មបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា និងហ្វីលីពីន បានរៀបចំវេទិកាធុរកិច្ចរួមគ្នា ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឱកាសពាណិជ្ជកម្មបន្ថែមទៀត សំដៅឈានទៅជំរុញការវិនិយោគលើវិស័យសក្តានុពលទ្វេភាគីជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមវេទិកាធុរកិច្ចលីពីន-កម្ពុជា ដែលរៀបចំឡើង កាលថ្ងៃ ទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមវត្តមានលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា។

វេទិកានេះ រៀបចំឡើងក្រោមកិច្ចសហការដោយក្រសួងពាណិជ្ជកម្ម ស្ថានទូតហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាវិនិយោគកម្ពុជា ក្រុមប្រឹក្សាធុរកិច្ចស្រី្តហ្វីលីពីន សមាគមសហគ្រិនស្ត្រីកម្ពុជា និងភ្ញៀវជាតិ-អន្តរជាតិជាច្រើនរូប។

វេទិកានេះ រៀបចំឡើងក្នុងគោលបំណងស្វែងរកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឱកាសពាណិជ្ជកម្មរវាងកម្ពុជា-ហ្វីលីពីន ព្រមទាំងការវិនិយោគក្នុងវិស័យអចលនទ្រព្យ សំណង់ សុខាភិបាល ការថែទាំសុខភាព ការអប់រំ ឡូជីស្ទិក អាហារ និងការលក់រាយនៅកម្ពុជា។

តាមរយៈវេទិកានេះ កម្ពុជា-ហ្វីលីពីន ក៏បានលើកបង្ហាញពីចក្ខុវិស័យថ្មីៗនៃការធ្វើធុរកិច្ច ការអភិវឌ្ឍន៍នៃវិស័យពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក៏ដូចជាផ្តល់ឱកាសដល់អ្នកចូលរួមទទួលបាននូវចំណេះដឹង និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយដៃគូជាតិ-អន្តរជាតិ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ ក៏ដូចជាស្វែងរកឱកាសថ្មីៗក្នុងការវិនិយោគជាមួយវិនិយោគិនហ្វីលីពីនផងដែរ។

គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយបណ្តាប្រទេសជាសមាជិក​អាស៊ានមាន​ទំហំទឹកប្រាក់ជាង ១៤,៣ពាន់​លានដុល្លារ​ កើនឡើង ១២,​៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយរកាណ៍របស់ក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍នេះ ក៏បានបង្ហាញថា កម្ពុជាបាន​នាំចេញ​ទំនិញ​​ក្នុងទំហំទឹកប្រាក់ជាង ៤.៦២០លានដុល្លារ កើនឡើង ៨,៨៧ ភាគរយ ខណៈ​ការនាំចូលពីបណ្តាប្រទេសសមាជិក​អាស៊ានចូលមក​កាន់កម្ពុជាមានទឹកប្រាក់ ៩.៦៨៩លានដុល្លារ កើនឡើង ១៤,៨៥ ភាគរយ៕ អត្ថបទ៖ ហ្សាលីន