សហគ្រិនស្ត្រីកម្ពុជា-ហ្វីលីពីន ជួបគ្នា ផ្លាស់ប្តូរបទពិសោធន៍លើការធ្វើអាជីវកម្ម និងកសាងបណ្តាញទំនាក់ទំនងធុរកិច្ចលើវិស័យសំខាន់ៗជាច្រើន

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងឱកាសស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន (Women’s Business Council of the Philippines) និងគណៈប្រតិភូសហគ្រិនជាស្ត្រី ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានរៀបចំកម្មវិធីពិសារអាហារពេលល្ងាចរវាងសហគ្រិនស្ត្រីកម្ពុជា និងហ្វីលីពីន  កាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះជួបជុំគ្នានេះ រៀបចំឡើងក្នុងគោលបំណងឱ្យសហគ្រិនជាស្ត្រីនៃប្រទេសទាំងពីរ (Women’s Biz of Cambodia and the Philippines) មានឱកាសភ្ជាប់ទំនាក់ទំនង រួមទាំងផ្លាស់ប្តូរបទពិសោធន៍លើការធ្វើអាជីវកម្ម និងកសាងបណ្តាញទំនាក់ទំនងធុរកិច្ច (Business Matchmaking) ទៅលើវិស័យសំខាន់ៗរួមមាន៖ វិស័យកសិកម្ម, ឧស្សាហកម្ម, សិប្បកម្ម, អប់រំ, សុខាភិបាល, ទេសចរណ៍, ដឹកជញ្ជូន និងឡូជីស្ទិក,  អាជីវកម្មលក់រាយ, និងកម្មន្តសាល ជាដើម។

លោកស្រី អ៊ឹង កន្ថាផាវី បានស្វាគមន៍ និងពិភាក្សាការងារសំខាន់ៗជាមួយគណៈប្រតិភូហ្វីលីពិន ព្រមទាំងសហគ្រិនស្រ្តីកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាព និងឱកាសក្នុងការធ្វើធុរកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

នា​ឱកាសនោះ លោកស្រីប្រធានក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន និងគណៈប្រតិភូ ក៏បានសំឡឹងឃើញពីឱកាស និងគាំទ្រក្នុងការចាប់ផ្ដើមកិច្ចសហការ និងភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយសហគ្រិនស្រ្តីកម្ពុជា នាពេលខាងមុខផងដែរ៕