លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីជំរុញឲ្យមានការចរចា ក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ជាមួយនឹងលទ្ធភាពនៃការដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បីបន្តដាក់សម្ពាធលើប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។
លោក ត្រាំ បាននិយាយកាលពីថ្ងៃទី២១ ខែមករាកន្លងទៅថា អាមេរិក ទំនងជាអាចនឹងដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើរុស្ស៊ី ប្រសិនបើប្រធានាធិបតី លោក វ្លាឌីមៀ ពូទីន មិនព្រមចូលរួមក្នុងការចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនទេនោះ។
ទន្ទឹមនឹងនេះ លោក ត្រាំ បាននិយាយប្រាប់អ្នកយកព័ត៌មានថា ៖”ខ្ញុំស្គាល់លោកពូទីនច្បាស់ណាស់។ សង្រ្គាមមិនគួរកើតឡើងទៀតទេ។ គាត់គ្រាន់តែមិនចង់យកចិត្តទុកដាក់ចំពោះលោក ចូ បៃដិន ប៉ុណ្ណោះ។ ដូច្នេះហើយទើបធ្វើឲ្យសង្គ្រាមបន្តអូសបន្លាយបែបនេះ”។
យ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិករូបនេះ ហាក់មិនបានបង្ហាញជាក់លាក់ពីទណ្ឌកម្មថ្មីដែលនឹងត្រូវដាក់លើរុស្ស៊ីបន្ថែមទៀត នៅឡើយទេ។ ផ្ទុយទៅវិញ លោកបានសន្យាថានឹងធ្វើការសិក្សាឲ្យបានហ្មត់ចត់ជាមុនសិន អំពីលទ្ធភាពនៃការសន្ទនាដោយផ្ទាល់ជាមួយប្រធានាធិបតី លោក ពូទីន ដើម្បីជំរុញឲ្យមានការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ឲ្យបានឆាប់។
មិនតែប៉ុណ្ណោះ លោក ត្រាំ បានបន្ថែមថា រដ្ឋបាលសហរដ្ឋអាមេរិក ក៏នឹងពិនិត្យឡើងវិញនូវកម្មវិធីជំនួយយោធារបស់ខ្លួនបន្ថែមទៀត សម្រាប់អ៊ុយក្រែន ហើយនិយាយថាអឺរ៉ុប ក៏គួរតែចូលរួមចំណែកបន្ថែមទៀតចំពោះបញ្ហានេះផងដែរ។
ជម្រាបជូនផងដែរថា កន្លងមក លោក ត្រាំ ធ្លាប់បានប្តេជ្ញាថានឹងបញ្ចប់ជម្លោះនៅអ៊ុយក្រែន ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ បន្ទាប់ពីស្បថចូលកាន់តំណែង ដែលបានធ្វើឲ្យវាក្លាយជាការសន្យាដ៏សំខាន់មួយនៅក្នុងអំឡុងយុទ្ធនាការបោះឆ្នោតរបស់ខ្លួន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងសន្និសីទសារព័ត៌មាននៅឯរីស៊ត Mar-a-Lago កាលពីដើមខែនេះ លោក ត្រាំ បានលើកឡើងជាថ្មីថា វានឹងត្រូវការពេលតិចជាងប្រាំមួយខែ ក្នុងការស្វែងរកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះដ៏ធំនេះ៕